កាណាដា៖ កាលពីថ្ងៃពុធ ប្រទេសកាណាដា និង Saudi Arabia បាននិយាយថា ពួកគេបានព្រមព្រៀងគ្នាក្នុងការស្តារទំនាក់ទំនងការទូតឲ្យបានពេញលេញឡើងវិញ និងតែងតាំង ឯកអគ្គរដ្ឋទូតថ្មី និងបញ្ចប់ជម្លោះចាប់ពីឆ្នាំ ២០១៨ ដែលបានធ្វើឲ្យបែកបាក់ទំនាក់ទំនង និងពាណិជ្ជកម្ម។
យោងតាមសេចក្តីថ្លែងការណ៍របស់កាណាដា និង Saudi Arabia បានឲ្យដឹងថា ការព្រមព្រៀងគ្នានេះ ធ្វើឡើងបន្ទាប់ពីមានការជួបពិភាក្សារវាងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងរាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គ Mohammed bin Salman នៅខាងក្រៅកិច្ចប្រជុំកំពូល នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី និងតំបន់ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក កាលពីខែវិច្ឆិកាឆ្នាំមុន។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា កិច្ចព្រមព្រៀងនេះបានធ្វើឡើងដោយសារ “ចង់ឲ្យភាគីទាំងសងខាងស្តារទំនាក់ទំនងការទូតឡើងវិញ ដោយផ្អែកលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម”។
ជម្លោះកាលពីឆ្នាំ ២០១៨ បានកើតឡើងមុនការសម្លាប់អ្នកកាសែតលោក Jamal Khashoggi ដែលទទួលបានការថ្កោលទោសពីប្រទេសកាណាដា និងបណ្តាប្រទេសលោកខាងលិចទាំងអស់។ ការបែកបាក់ទំនាក់ទំនងនេះបានចាប់ផ្តើមនៅពេលដែលស្ថានទូតរបស់ប្រទេសកាណាដាប្រចាំរដ្ឋធានី Riyadh បានផ្សព្វផ្សាយលើបណ្តាញ Twitter ជាភាសាអារ៉ាប់ដែលជំរុញឲ្យមានការដោះលែងសកម្មជន សិទ្ធិស្ត្រីដែលឃុំឃាំងដោយអារ៉ាប៊ីសាអូឌីតជាបន្ទាន់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ