កូរ៉េ​ខាងជើង​ប្តេជ្ញា​ពង្រីក​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេសនៅ​អាហ្វ្រិក

0

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានគូសបញ្ជាក់អំពីទំនាក់ទំនងអតីតកាលរបស់ខ្លួនជាមួយបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ហើយបានប្តេជ្ញាពង្រីកទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ។

លោក សុង សេអ៊ីល (Song Se-il) ប្រធាន​សមាគម​កូរ៉េ​ខាង​ជើង-អាហ្វ្រិក បាននិយាយថា «យើងប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងដល់បណ្តាប្រទេសនៅអាហ្រ្វិកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីសម្រេចបាននូវសន្តិភាព ស្ថិរភាព និងបូរណភាពនយោបាយសេដ្ឋកិច្ចនៃទ្វីបនោះ និងកសាងទ្វីបអាហ្រ្វិកប្រកបដោយវិបុលភាព ដោយកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផ្ទាល់ និងដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយបណ្តាប្រទេសក្នុងតំបន់»។

សេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសមួយដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសទីក្រុងព្យុងយ៉ាង បានធ្វើឡើងក្នុងឱកាសខួបលើកទី៦០ នៃទិវាអាហ្វ្រិក ដែលរំលឹកដល់មូលដ្ឋានគ្រឹះនៃអង្គការឯកភាពអាហ្វ្រិក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦៣។

ដោយលើកឡើងពីប្រទេសមួយចំនួនដូចជា ម៉ាដាហ្គាស្ការ អេក្វាទ័រហ្គីណេ អ៊ូហ្គង់ដា និងសៀរ៉ាឡេអូន លោក សុង បានអះអាងថា ទំនាក់ទំនងមិត្តភាពរបស់ទីក្រុងព្យុងយ៉ាងជាមួយទ្វីបនេះ មានតាំងពីជំនាន់អតីតស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង មកម៉្លេះ។

អតីតមេដឹកនាំ គីម ដែលបានបង្កើត និងគ្រប់គ្រងប្រទេសកូរ៉េខាងជើងរហូតដល់ឆ្នាំ១៩៩៤ បានចូលរួមយ៉ាងសកម្មនៅក្នុងចលនាមិនចូលបក្សសម្ព័ន្ធប្រឆាំងនឹងចក្រពត្តិនិយមនៅចុងសតវត្សទី២០ ។ នៅ​ពេល​នោះ ប្រទេសកូរ៉េ​ខាង​ជើង​បាន​សកម្ម​ក្នុង​ការ​ជួយ​ និង​បង្កើត​ទំនាក់​ទំនង​ជា​មិត្ត​ភាព​ជាមួយ​នឹង​បណ្តាប្រទេសនៅ​អាហ្វ្រិកដែល​ជា​ផ្នែក​មួយ​នៃ​ចលនា។

ប្រទេសកូរ៉េ​ខាង​ជើង​ចង់​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាហ្រ្វិក ​ចំពេលដែល​មាន​ទណ្ឌកម្ម​ជា​សកល​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ ​និងគ្រាប់មីស៊ីល​របស់​ខ្លួន៕

ប្រភព៖​ ក្រសួងព័ត៌មាន