បរទេស៖ បណ្តាមេដឹកនាំនៃប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) បានចាប់ផ្តើមកិច្ចប្រជុំកំពូលនៅវិមានក្រឹមឡាំង។ កិច្ចប្រជុំកំពូល EAEU បានប្រារព្ធពិធីបើកកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងសម័យប្រជុំរូបថតរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុស្ស លោក អាឡិនសាន់ដឺរ លូកាស្សិនកូ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស់ស៊ីម-ចូម៉ាត តូកាយ៉េវ ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាដៀរ ចាប៉ារ៉ូវ ក៏ដូចជានាយករដ្ឋមន្ត្រីអារមេនី លោក នីកូល ប៉ាស៊ីនយ៉ាន។
បណ្តាមេដឹកនាំ EAEU បានចាប់ផ្តើមទំនាក់ទំនងគ្នាកាលពីថ្ងៃពុធនៅឯវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា ការសម្រេចចិត្តទៅលើដំណើរការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងប្រទេសនានានឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនោះ។
លោក ពូទីន បាននិយាយនៅឯវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីកាលពីថ្ងៃពុធថា «យើងនឹងផ្តោតសំខាន់ទៅលើមធ្យោបាយដើម្បីធានាបាននូវថាមពល និងសន្តិសុខស្បៀងអាហារ ក៏ដូចជាភាពគ្រប់គ្រាន់ដោយខ្លួនឯងផ្នែកបច្ចេកវិទ្យា និងហិរញ្ញវត្ថុ ជំរុញដំណើរការផ្លាស់ប្តូរឌីជីថល ដកចេញនូវឧបសគ្គផ្នែកច្បាប់ និងពាណិជ្ជកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន»។
សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយនៅពេលមុននេះថា អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនោះនឹងពិចារណាទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់សម្រាប់អាណត្តិប្រធាន EAEU ឆ្នាំ២០២៣ របស់រុស្ស៊ី។ ភាគីនានាក៏នឹងពិភាក្សាអំពីសកម្មភាព និងមធ្យោបាយអន្តរជាតិរបស់សហភាព ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសទីបី និងអង្គការក្នុងតំបន់ផ្សេងទៀតផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន