ឥណ្ឌូណេស៊ី និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ

0

បរទេស៖ ក្រសួងពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃទី២២ ខែឧសភាថា ប្រទេសឥណ្ឌូណេស៊ី និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះ (PTA) នៅថ្ងៃទី២៣ ខែឧសភា ដើម្បីកែលម្អទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញតម្លៃប្រតិបត្តិការពាណិជ្ជកម្ម។

អគ្គនាយកនៃនាយកដ្ឋានកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ឌីចាត់មីកូ ប្រ៊ីស វីតចាកសូណូ (Djatmiko Bris Witjaksono) បាននិយាយថា វានឹងក្លាយជាកិច្ចព្រមព្រៀងទីពីររវាងប្រទេសឥណ្ឌូណេស៊ី និងតំបន់មជ្ឈិមបូព៌ា ខណៈដែលកិច្ចព្រមព្រៀងទីមួយត្រូវបានចុះហត្ថលេខាជាមួយអេមីរ៉ាត់អារ៉ាប់រួម (UAE) កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

យោងតាមលោក ឌីចាត់មីកូ បានឱ្យដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង PTA នឹងត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក សេយយ៉េដ អេប្រាហ៊ីម រ៉ៃស៊ី (Seyyed Ebrahim Raisi) ទៅកាន់ប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រទេស​ទាំង​ពីរ​ក៏​នឹងមានការ​ជួប​ប្រជុំ​ទ្វេភាគី​ដើម្បី​ពិភាក្សា​អំពី​សក្តានុពល​នៃកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​បន្ថែម​ទៀតផងដែរ​។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង PTA នឹងបន្តជាមួយនឹងដំណើរការផ្តល់សច្ចាប័ន ដោយប្រទេសនីមួយៗត្រូវបង្កើតយន្តការផ្ទាល់ខ្លួន។ ផលិតផលដែលនឹងត្រូវបានចុះបញ្ជីនៅក្នុងកិច្ចព្រមព្រៀង PTA នឹងរួមមានអាហារកែច្នៃ ផលិតផលឱសថ កៅស៊ូ ក្រដាស វាយនភណ្ឌ ឈើ ស្បែកជើង កប្បាស គ្រឿងម៉ាស៊ីនអគ្គិសនី យានយន្ត ផលិតផលិតផល សារធាតុគីមី និងអាលុយមីញ៉ូម។

ផលិតផលឥណ្ឌូណេស៊ីដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារអ៊ីរ៉ង់ ដែលមានដូចជាប្រេងបន្លែ កាកាវ កាហ្វេ តែ គ្រឿងទេស ផ្លែឈើ បន្លែ និងត្រី ក៏នឹងត្រូវបានដាក់ទៅក្នុងបញ្ជីនៅក្នុងកិច្ចព្រមព្រៀង PTA ផងដែរ។

ទន្ទឹមនឹងនេះដែរ ឥណ្ឌូណេស៊ីនឹងផ្តល់គ្រឿងបរិក្ខារពន្ធទាបសម្រាប់ផលិតផលមួយចំនួនដែលមានប្រភពមកពីប្រទេសអ៊ីរ៉ង់ ដែលរួមមានទាំងឥន្ធនៈ រ៉ែ ប្រេង សារធាតុគីមី ដែក ឱសថ ឧបករណ៍មេកានិច ផ្លែឈើ អាហារកែច្នៃ គ្រាប់ធញ្ញជាតិ និងស្រូវសាលី។

ពាណិជ្ជកម្ម​សរុប​រវាងប្រទេស​ឥណ្ឌូណេស៊ី និង​អ៊ីរ៉ង់ ​បាន​ឈានដល់តម្លៃ ៥៤,១លាន​ដុល្លារអាម៉េរិក​ក្នុង​រយៈពេល ៣ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ហើយ​វា​ត្រូវបាន​កត់ត្រានូវ​ចំនួន ២៥៧,២លាន​ដុល្លារអាម៉េរិក​កាលពី​ឆ្នាំមុន​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា