បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាក្លឹប Arsenal បានបញ្ចូលក្រុមការងាររបស់លោកអោយទៅតាមដានកីឡាករ Dominik Szoboszlai និង Dani Olmo ក្នុងកំឡុងពេលដែលក្លឹប RB Leipzig បានប្រកួតយកឈ្នះក្លឹប Bayern Munich ក្នុងលទ្ធផល ៣ទល់នឹង១ កាលពីសប្តាហ៍កន្លងទៅ។
វត្តមានរបស់ Arsenal នៅក្នុងកីឡដ្ឋានបានបង្ហាញពីការខិតខំយ៉ាងសកម្មរបស់ពួកគេលើការចង់បានខ្សែបម្រើប្រយុទ្ធរូបនេះ។ កីឡាករ Szoboszlai ជាគោលដៅរបស់ក្លឹបកាំភ្លើងធំតាំងពីខែមករា ឆ្នាំ២០២១មកម្ល៉េះ។
កុងត្រារបស់គាត់ជាមួយនឹងក្លឹប Leipzig មានរហូតដល់ឆ្នាំ២០២៥ ហើយកីឡាករវ័យ ២២ឆ្នាំរូបនេះ មានតម្លៃផ្តាច់កុងត្រារហូតដល់ទៅ ៧០លានអឺរ៉ូ។
គួរបញ្ជាក់ថាលោក Mikel Arteta ក៏បានចាប់អារម្មណ៍ទៅលើកីឡាករស្លាប Dabi Olmo ផងដែរ។ ក្នុងនោះ Olmo ផុតកុងត្រានៅឆ្នាំ២០២៤ ខាងមុខ ហើយប្រសិនជាគាត់មិនព្រមបន្តកុងត្រាថ្មីនោះ RB Leipzig នឹងលក់គាត់ក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូ៕