ប្រទេសថៃ៖ សម្ព័ន្ធភាពគណបក្សចំនួន៨ ចុះអនុស្សារណៈស្តីពីការបង្កើតរដ្ឋាភិបាលចម្រុះ

0

បរទេស៖ សម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សចំនួន៨ របស់ប្រទេសថៃ ដែលដឹកនាំដោយគណបក្ស Move Forward (MFP) បានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែឧសភា ទៅលើកិច្ចព្រមព្រៀងមួយដែលបង្ហាញពីរបៀបវារៈការងារនៃរដ្ឋាភិបាលចម្រុះដែលបានស្នើឡើងរបស់ពួកគេ។

អនុស្សរណៈនៃការយោគយល់ (MoU) ដែលមានចំនួន ២៣ចំណុចនេះត្រូវបានចុះហត្ថលេខាដោយគណបក្ស MFP គណបក្សភឿថៃ គណបក្សប្រជាជាតិ គណបក្សថៃសាងថៃ គណបក្សសេរីរួមថៃ គណបក្សយុត្តិធម៌ គណបក្សបល្ល័ងសង្គមថ្មី និងគណបក្សភឿថៃរួមបល្ល័ង ដោយោងតាម MoU នោះ ពួកគេទាំងអស់បានគាំទ្រមេដឹកនាំគណបក្ស MFP លោក ភីតា លីមចារើនរ៉ាត់ (Pita Limjaroenrat) ឱ្យក្លាយជានាយករដ្ឋមន្ត្រីថៃបន្ទាប់។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះមានន័យថា មេដឹកនាំគណបក្សនានាឯកភាពគ្នាទៅលើ ២៣ចំណុច ដែលរដ្ឋាភិបាលថ្មីត្រូវអនុវត្ត (ប្រសិនបើជាប់ឆ្នោត) ដែលរួមមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណែទម្រង់សេដ្ឋកិច្ច ពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងគ្រឿងញៀន និងកិច្ចការពារបរិស្ថាន។

គណបក្សទាំងអស់គាំទ្រការអនុវត្តគោលនយោបាយសំដៅការស្តារឡើងវិញនូវតួនាទីនាំមុខគេរបស់ប្រទេសថៃនៅក្នុងតំបន់អាស៊ាន និងការរក្សាទំនាក់ទំនងអន្តរជាតិប្រកបដោយតុល្យភាពរវាងប្រទេសថៃ និងបណ្តាប្រទេសមហាអំណាច។

ក្រុមចម្រុះដែលដឹកនាំដោយគណបក្ស MFP បច្ចុប្បន្ននេះមានអាសនៈចំនួន៣១៣ នៅក្នុងសភាតំណាងរាស្រ្ត ដែលជាចំនួនភាគច្រើននៃចំនួនអាសសៈសរុបចំនួន៥០០។ គណបក្ស MFP នឹង​ត្រូវ​ការ​សំឡេងគាំទ្រ​យ៉ាង​ហោច​ណាស់ ៣៧៦សំឡេងនៅក្នុង​សភាតំណាងរាស្រ្ត​សម្រាប់​លោក ភីតា ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា