ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើឯកសារស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន មកកម្ពុជា រួមមាន ឥណទានសម្បទានប្រាក់យ៉េន និងហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបទាំងអស់ចំនួន ៧.៥៧១.០០០.០០០ លានយ៉េន (ប្រមាណ៥៥,២៧ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួន០២។
ទី១. គម្រោងកែលម្អផ្លូវជាតិលេខ៥ (កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម ដំណាក់កាលទី៤) មានទឹកប្រាក់ចំនួនប្រាំពីរពាន់ពីររយប្រាំលានយ៉េនជប៉ុន (៧.២០៥.០០០.០០០យ៉េន) ឬ ប្រមាណ ៥២,៦ លានដុល្លារ។ កញ្ចប់ថវិកានេះ គឺជាកញ្ចប់ទី៤ សម្រាប់គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ពី ព្រែកក្តាម-ធ្លាម្អម ដែលបានចំណាយថវិកាជាបន្តបន្ទាប់ប្រមាណ ៣១៧,៤២ លានដុល្លារអាម៉េរិក។ គម្រោងនេះ ជាគម្រោងកែលម្អកំណាត់ផ្លូវជាតិមួយក្នុងចំណោមគម្រោងកែលម្អកំណាត់ផ្លូវចំនួនបី លើដងផ្លូវជាតិលេខ៥។
បន្ទាប់ពីការបញ្ចប់នូវគម្រោងទាំងមូល ផ្លូវជាតិនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការលើកកម្ពស់សមត្ថភាពដឹកជញ្ជូន និងប្រសិទ្ធភាពឡូជីស្ទិក ក៏ដូចជាការរួមចំណែកដល់សមាហរណកម្មក្នុងតំបន់។
ទី២. គម្រោងអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស មានទឹកប្រាក់ចំនួនបីរយហុកសិបប្រាំមួយលានយ៉េនជប៉ុន (៣៦៦.០០០.០០០លានយ៉េន) ឬប្រមាណ២,៦៧លានដុល្លារអាម៉េរិក។ ហិរញ្ញប្បទានឥតសំណងនេះ នឹងផ្តល់អាហារូបករណ៍ពេញលេញជូនដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦កន្លែង មកពីស្ថាប័នផ្សេងៗ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសជប៉ុន ក្នុងនោះរួមមាន ២៤កន្លែង សម្រាប់ថ្នាក់អនុបណ្ឌិត និង ០២កន្លែង សម្រាប់ថ្នាក់បណ្ឌិត។ ចាប់តាំងពីត្រូវបានបង្កើតឡើងវិញសម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០០០ គម្រោងនេះបានផ្តល់អាហារូបករណ៍ដល់មន្ត្រីកម្ពុជា សរុបទាំងអស់ចំនួន ៥៤៨រូប ដែលអាចឱ្យមន្រ្តីទាំងនោះប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួន ដើម្បីរួមចំណែកដល់ការការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា និងការតភ្ជាប់រវាងប្រជាជនកម្ពុជា និងជប៉ុនកាន់តែជិតស្និទ្ធ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតខ្ពស់បំផុត ខណៈពេលដែលកម្ពុជា និងជប៉ុន កំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរអំពីការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ផ្ទាល់ និង ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមផ្ទាល់ទៅកាន់ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីក្រោមក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើបត្រូវបានដំឡើងកាលពីពេលថ្មីៗនេះ។ ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការនោះផងដែរ កម្ពុជា និងជប៉ុន បានសម្រេចដំឡើងកម្រិតយន្តការពិគ្រោះយោបល់ទ្វេភាគីរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ, ពង្រីកកិច្ចសហប្រតិបតិ្តការត្រីភាគី ស្តីពី ការដោះមីនដល់ប្រទេសទីបីផ្សេងទៀត ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌, ចាប់ផ្តើមឡើងវិញនូវកម្មវិធីស្វែងយល់ពីដំណើរការលទ្ធិប្រជាធិបតេយ្យពហុបក្សនៅប្រទេសជប៉ុន សម្រាប់អ្នកនយោបាយវ័យក្មេងកម្ពុជា, និងឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបតិ្តការ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្របខណ្ឌពាក់ព័ន្ធអាស៊ាន។
តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់មកកាន់ព្រះរាជាណាចក្រកម្ពុជា ទាំងតាមរយៈជំនួយ និងកិច្ចសហប្រតិបត្តិការជាច្រើន រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខ្លួន រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័, សុខាភិបាល, អប់រំ, ការផ្គត់ផ្គង់ទឹក, សន្តិសុខនិងការពារជាតិ, ប្រតិបត្តិការរក្សាសន្តិភាព, តភ្ជាប់រវាងប្រជាជននិងប្រជាជន និងការដោះមីន ជាដើម ៕
ប្រភព៖ ក្រសួងព័ត៌មាន