បរទេស៖ កាលពីថ្ងៃសៅរ៍ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានបរិច្ចាគសម្ភារៈសង្គ្រោះសម្រាប់ជនរងគ្រោះដោយសារខ្យល់ព្យុះស៊ីក្លូនម៉ូចា (Mocha) នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយស្ថានទូតចិន។
សេចក្តីថ្លែងការណ៍នោះបាននិយាយបន្តថា គ្រឿងផ្គត់ផ្គង់ទាំងនោះ រួមមានមីកញ្ចប់ នំ និងទឹកផឹក។
លោក ចៀ ជុនជី (Jia Junjie) ឯកអគ្គរដ្ឋទូតនៃស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានចូលរួមក្នុងពិធីនោះ ហើយបាននិយាយថា ការបរិច្ចាគនេះជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងមិត្តភាពរវាងចិន-មីយ៉ាន់ម៉ា «Paukphaw» (ភាតរភាព) ដោយលោកបាននិយាយបន្ថែមថា លោកជឿជាក់ថាប្រជាជនមីយ៉ាន់ម៉ានឹងអាចជំនះការលំបាកនេះ។
លោកបាននិយាយថា ប្រទេសចិននឹងបន្តផ្តល់ការគាំទ្រដើម្បីជួយដល់ប្រជាជនមីយ៉ាន់ម៉ាឱ្យដំណើរការផលិតកម្ម និងជីវិតរស់នៅធម្មតារបស់ពួកគេឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា (SAC) លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) បានបង្ហាញវិញ្ញាបនបត្រថ្លែងអំណរគុណដល់ស្ថានទូតចិន ដោយលោកបានថ្លែងអំណរគុណចំពោះប្រទេសចិន និងបណ្តាប្រទេស និងអង្គការជាមិត្តផ្សេងទៀតសម្រាប់ការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយដល់ប្រទេសមីយ៉ាន់ម៉ា។
សហគ្រាសចិនក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរួមមានក្រុមហ៊ុន POWERCHINA ក្រុមហ៊ុន CITIC ក្រុមហ៊ុន PetroChina ក្រុមហ៊ុន VPower និងក្រុមហ៊ុន Conch Cement ក៏បានបរិច្ចាគសម្ភារៈសង្គ្រោះ និងសាច់ប្រាក់ដល់ជនរងគ្រោះដោយសារខ្យល់ព្យុះស៊ីក្លូនផងដែរ។
ពួកគេក៏កំពុងផ្តល់ជំនួយសម្រាប់ការស្តារឡើងវិញនូវផ្លូវថ្នល់ អគ្គិសនី ទំនាក់ទំនង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងតំបន់ដែលរងគ្រោះដោយសារខ្យល់ព្យុះស៊ីក្លូន។ នេះបើយោងតាមស្ថានទូតចិនបានចេញផ្សាយ។
ខ្យល់ព្យុះស៊ីក្លូនម៉ូចាបានធ្វើឱ្យបាក់ដីក្បែរតំបន់សិតវេក្នុងរដ្ឋរ៉ាខីនភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៤ ខែឧសភា ដោយមានខ្យល់បក់រហូតដល់ ១៣០ម៉ាយស៍ក្នុងមួយម៉ោង (ប្រហែល ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង) ហើយបានបោកបក់ពាសពេញប្រទេស ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៤០នាក់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា