បរទេស៖ សេតវិមានបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយថា សហរដ្ឋអាមេរិកនឹងបម្រុងថវិកាចំនួន ៣៧៥លានដុល្លារអាម៉េរិកជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីដល់ប្រទេសអ៊ុយក្រែន។
ឯកសារដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សេតវិមានបានជូនដំណឹងអំពី «ការប្រកាសអំពីថវិកាបន្ថែមចំនួន ៣៧៥លានដុល្លារអាម៉េរិកសម្រាប់គ្រាប់រំសេវ និងគ្រឿងបរិក្ខារ» ដល់ទីក្រុងគៀវ ក្នុងចំណោមរបស់ផ្សេងៗទៀត។
នៅពេលមុននេះ លោក បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីសម្រាប់ប្រទេសអ៊ុយក្រែន ដែលនឹងរួមបញ្ចូលនូវគ្រាប់រំសេវ កាំភ្លើងធំ និងរថពាសដែក។
ការិយាល័យសារព័ត៌មានមន្ទីរបញ្ចកោណបានរាយការណ៍កាលពីពេលមុនថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដែលមានតម្លៃចំនួន ៣៥,៧ប៊ីលានដុល្លារអាម៉េរិកដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក និង ៣៦,៩ប៊ីលានដុល្លារអាម៉េរិកក្នុងអំឡុងពេលដែលលោក ចូ បៃដិន កាន់តំណែង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា