បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបានរំលឹកដល់បេសកកម្មបរទេស និងការិយាល័យរបស់អង្គការអន្តរជាតិដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនអំពីតម្រូវការក្នុងការអនុវត្តតាមសន្ធិសញ្ញាការទូតអន្តរជាតិ។
ដោយអត្ថាធិប្បាយទាក់ទងនឹងផ្ទាំងប៉ាណូគាំទ្រអ៊ុយក្រែនដែលដាក់តាំងនៅខាងក្រៅស្ថានទូតបរទេសមួយចំនួនក្នុងទីក្រុងប៉េកាំង អ្នកការទូតចិនរូបនេះបាននិយាយថា «ប្រទេសចិនកំពុងអំពាវនាវឱ្យស្ថានទូត និងការិយាល័យតំណាងនៃអង្គការអន្តរជាតិទាំងអស់គោរពតាមអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត និងអនុវត្តសកម្មភាពស្របតាមកិច្ចព្រមព្រៀងអន្តរជាតិ«។
ការអត្ថាធិប្បាយរបស់លោក វ៉ាង ខាងលើនេះបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើអាជ្ញាធរចិនកាលពីមុនបានណែនាំដល់ស្ថានទូតបរទេសប្រឆាំងនឹងការប្រើប្រាស់ជញ្ជាំងខាងក្រៅនៃអគាររបស់ពួកគេដើម្បីបង្ហាញការឃោសនានយោបាយ ជាពិសេសការលើកទង់ជាតិអ៊ុយក្រែន ឬបង្ហាញផ្ទាំងរូបភាពគាំទ្រទីក្រុងគៀវដែរឬនទេនោះ។
លោក វ៉ាង បានជំរុញឱ្យបេសកកម្មការទូត និងអង្គការបរទេសទាំងអស់ក្នុងប្រទេសចិនគោរពច្បាប់របស់ប្រទេសចិន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា