ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ

0

បាត់ដំបង ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣  នៅវេលាម៉ោង១១ និង៤៥នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វី សេត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួច (ម៉ូតូ) ដែលបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និងបក្ខពួក បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-8257 ដែលចតនៅមុខផ្ទះមិនបានដកកូនសោរចេញ។

ក្រោយពីទទួលបណ្តឹងភ្លាម និងឆ្លងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ចេវ សុភក្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិអង្គកែវ ឃុំទ្រាំង ស្រុកទ្រាំង ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ។ ក្រោយពីការឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន។ សម្ភារៈដកហូតបានគឺ ម៉ូតូ ០១គ្រឿង ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1A-8257 ។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ