បរទេស៖ យោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា កាតព្វកិច្ចរបស់បុគ្គលិកសន្តិសុខក្នុងការធានាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនចំណាប់អារម្មណ៍របស់ក្រុមហ៊ុនយក្សបរទេសមកបណ្តាក់ទុននៅក្នុងប្រទេសម៉ាឡេស៊ី។
ថ្លែងនៅក្នុងព្រឹត្តិការណ៍អេដឌីលហ្វីឌ្រី Royal Malaysia Police (PDRM) កាលពីថ្ងៃទី១៦ ខែឧសភា នាយករដ្ឋមន្ត្រីរូបនេះបានកោតសរសើរចំពោះការរួមចំណែករបស់បុគ្គលិកសន្តិសុខទាំងនេះ រួមទាំងមន្រ្តីប៉ូលីស និងកងកម្លាំងប្រដាប់អាវុធ ដែលបានធ្វើការងារដោយមិននឿយហត់ដើម្បីការពារព្រំដែនគោក និងដែនសមុទ្ររបស់ប្រទេស។
លោកបាននិយាយថា សន្តិភាពជាតិ និងស្ថិរភាពនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីបានទាក់ទាញដោយប្រយោលនូវក្រុមហ៊ុនយក្សបរទេសមួយចំនួន ដូចជាក្រុមហ៊ុន Geely ក្រុមហ៊ុនអាម៉ាហ្សូន និងក្រុមហ៊ុន Rongsheng Petrochemical Co Ltd ឱ្យមកបណ្តាក់ទុននៅក្នុងប្រទេសនេះ ជាមួយនឹងការវិនិយោគសរុបមានចំនួនរាប់ពាន់លានរីងហ្គីតម៉ាឡេស៊ី (MYR)។
លោកក៏បានរំលឹកឡើងវិញផងដែរនូវសេចក្តីថ្លែងការណ៍របស់លោកដែលបាននិយាយថា ម៉ាឡេស៊ីមានលទ្ធភាពរីកចម្រើនទៅជាមហាសេដ្ឋីសេដ្ឋកិច្ចថ្មីមួយ ប្រសិនបើស្ថិរភាពនយោបាយរបស់ខ្លួនត្រូវបានរក្សា និងតម្លាភាពនៅតែបន្តអនុវត្ត។
លោកបានសង្កត់ធ្ងន់ថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីគឺល្អបំផុតនៅក្នុងទ្វីបអាស៊ី ដោយវ៉ាដាច់ប្រទេសចិន ឥណ្ឌូណេស៊ី និងវៀតណាម។ លំហូរវិនិយោគចូលប្រទេសម៉ាឡេស៊ី គឺខ្ពស់បំផុតក្នុងតំបន់អាស៊ាន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា