ឡាវ និងអូស្ត្រាលី ព្រមព្រៀងគ្នាពង្រឹងទំនាក់ទំនងទ្វេភាគី

0

បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក សាឡឺមសាយ គុមម៉ាស៊ីធ (Saleumxay Kommasith) និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ភែននី វ៉ុង (Penny Wong) បានព្រមព្រៀងធ្វើការងាររួមគ្នាដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃទី១៦ ខែឧសភា។

លោកស្រី វ៉ុង បានបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃទៅកាន់ប្រទេសឡាវ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងទ្វេភាគី តបតាមការអញ្ជើញរបស់លោក សាឡឺមសាយ។

ប្រព័ន្ធផ្សព្វផ្សាយឡាវបានដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឡាវដែលបាននិយាយថា នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាស្តីពីវិស័យនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយបានបញ្ជាក់សារជាថ្មីអំពីចេតនាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពជាដៃគូគ្រប់ជ្រុងជ្រោយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ ចាប់តាំងពីឡាវ និងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥២ មក។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរទៅលើបញ្ហាក្នុងតំបន់ និងពិភពលោកដែលជាការព្រួយបារម្ភរួម ហើយបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ប្រទេសអូស្ត្រាលី គឺជាអ្នកផ្តល់ជំនួយអភិវឌ្ឍផ្លូវការ (ODA) ធំជាងគេលំដាប់ទីបីសម្រាប់ប្រទេសឡាវ ដែលគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជាវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបញ្ហាក្នុងតំបន់អាស៊ាន។

បន្ទាប់ពីកិច្ចពិភាក្សានោះ លោកស្រី វ៉ុង និងរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែរបស់ប្រទេសឡាវ លោក ផូសាយ សាយ៉ាសុន (Phoxay Sayasone) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូថាមពលប្រកបដោយចីរភាពរវាងឡាវ-អូស្ត្រាលី នៅចំពោះមុខលោក សាឡឺមសាយ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា