បរទេស៖ កាលពីថ្ងៃអង្គារ អគ្គិភ័យនៅសណ្ឋាគារមួយក្នុងប្រទេសនូវែលសេឡង់បានសម្លាប់មនុស្សយ៉ាងតិច ០៦នាក់ ហើយក្រុមមន្ត្រីបាននិយាយថា ពួកគេជឿថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈមនុស្ស ១១នាក់នៅតែបន្តបាត់ខ្លួន។
នគរបាលបាននិយាយថា ក្រោយពេលពាក់កណ្តាលអធ្រាត្រ អគ្គិភ័យបានឆាបឆេះនៅជាន់ខាងលើបំផុតនៃសណ្ឋាគារ Loafers Lodge ក្នុងសង្កាត់ Wellington នៃទីក្រុង Newtown ។ ប៉ុន្តែមូលហេតុនៃអគ្គិភ័យនេះមិនទាន់ដឹងនៅឡើយទេ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមេបញ្ជាការគ្រប់គ្រងសង្កាត់ លោក Nick Pyatt បាននិយាយថា “នេះគឺជាអគ្គិភ័យដែលកើតឡើងម្តងក្នុងរយៈពេលមួយទសវត្សរ៍សម្រាប់ទីក្រុង Wellington ។ ហើយវាជាសុបិន្តអាក្រក់បំផុតសម្រាប់ពួកយើង” ។
“នេះជាព្រឹត្តិការណ៍សោកនាដកម្មសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតទៅកាន់មនុស្សជាទីស្រលាញ់របស់ជនរងគ្រោះដែលបានបាត់បង់ជីវិត”។
អ្នកស្នាក់នៅសណ្ឋាគារ Loafers Lodge ឈ្មោះ Tala Sili បាននិយាយថា លោកបានឃើញផ្សែងហុយចូលមកតាមក្រោមទ្វារ លោកក៏បានបើកទ្វារនោះ ហើយបានឃើញផ្លូវដែលពោរពេញដោយផ្សែង។ លោកបានសម្រេចចិត្តលោតចេញតាមបង្អួចទៅលើដំបូលដែលស្ថិតនៅពីរជាន់ខាងក្រោម។
លោកបានប្រាប់វិទ្យុរបស់រដ្ឋាភិបាលនូវែលសេឡង់ថា “ហេតុការណ៍នៅពិតជាគួរឲ្យខ្លាច វាពិតជាគួរឲ្យខ្លាច ប៉ុន្តែខ្ញុំដឹងថា ខ្ញុំត្រូវតែលោតចេញពីបង្អួច ឬត្រូវឆេះស្លាប់ក្នុងអគារ”៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ