វាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម បានធ្វើអោយទាហាននីហ្សេរីយ៉ាស្លាប់នឹងរបួស ១៥នាក់

0

បរទេស៖ កាលពីថ្ងៃចន្ទ ប្រភពយោធាពីរបាននិយាយថា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនៅភាគឦសានប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យ ទាហានបីនាក់មកពីប្រទេសនីហ្សេរីយ៉ាត្រូវបានសម្លាប់ និងទាហានយ៉ាងហោចណាស់ ១២នាក់ផ្សេងទៀតបានរងរបួស។

ទាហានទាំងនោះគឺជាផ្នែកមួយនៃកងកម្លាំងចម្រុះពហុជាតិសាសន៍ (MNJTF) ដែលបង្កើតឡើងដោយកងកម្លាំងមកពីប្រទេស Benin Cameroon Chad និងនីហ្សេរីយ៉ាដែលកំពុងស្វែងរកការបញ្ចប់ជម្លោះជាមួយក្រុមបះបោរអ៊ីស្លាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឲ្យមនុស្សរាប់លាននាក់ទៀតបានផ្លាស់ទីលំនៅ។

ប្រភពយោធានីហ្សេរីយ៉ាបាននិយាយថា ទាហាននីហ្សេរីយ៉ាពីរនាក់នៃ MNJTF ត្រូវបានស្លាប់នៅពេលដែលយានយន្តរបស់ពួកគេបានបើកកិនគ្រឿងបំផ្ទុះកែច្នៃមួយ ខណៈពេលដែលកំពុងដេញតាមក្រុមបះបោរនៅក្នុងតំបន់ Arege នៅភាគឦសាននៃរដ្ឋ Borno ដែលជាតំបន់សំខាន់របស់ក្រុមបះបោរ។

ប្រភពបានបន្ថែមថា ទាហាន ១០នាក់ រួមទាំងមេបញ្ជាការ និងជនស៊ីវិលពីរនាក់ទៀតដែលធ្វើការជាមួយទាហានក៏បានរងរបួសផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ