បរទេស៖ យោងតាមមន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះរវាងប្រទេសអេក្វាឌ័រ និងចិន នឹងពង្រឹងដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទំនាក់ទំនងទ្វេភាគី ដែលនាំទៅរកផលប្រយោជន៍ទៅវិញទៅមក។
ប្រធានាធិបតីអេក្វាឌ័រលោក ហ្គីលល័រម៉ូ ឡាស់សូ (Guillermo Lasso) បាននិយាយបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះថា ខ្ញុំត្រូវតែបង្ហាញពីសេចក្តីរីករាយដ៏ខ្លាំងដែលខ្ញុំមានសម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអេក្វាឌ័រ និងសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ ( Wang Wentao) និងរដ្ឋមន្ត្រីក្រសួងផលិតកម្ម ពាណិជ្ជកម្មបរទេស ការវិនិយោគ និងនេសាទរបស់អេក្វាឌ័រ លោក ជូលីអូ ប្រាដូ (Julio Prado) តាមរយៈតំណភ្ជាប់វីដេអូ បន្ទាប់ពីការចរចាអស់រយៈពេលមួយឆ្នាំ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹង។
លោក ឡាស់សូ បាននិយាយថា FTA នឹងត្រូវបានប្រើប្រាស់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋ ការអភិវឌ្ឍ និងប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសាររាប់ពាន់ ដោយលោកបានិយាយបន្ថែមថា «ប្រទេសទាំងពីរនឹងទទួលបានអត្ថប្រយោជន៍ជាមួយនឹងកិច្ចព្រមព្រៀងនេះ»។
លោក ប្រាដូ បាននិយាយថា វាធ្វើឱ្យប្រទេសចិនជាអ្នកផ្គត់ផ្គង់ធំបំផុតនៃទំនិញប្រើប្រាស់ វត្ថុធាតុដើម និងទំនិញដើមទុន ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃឧស្សាហកម្មអេក្វាឌ័រ។
លោកបាននិយាយថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន និងប្រទេសផ្សេងៗទៀតដែលកំពុងចរចា យើងប៉ាន់ប្រមាណថា ក្នុងរយៈពេល ៧ឆ្នាំខាងមុខ យើងនឹងបង្កើនចំនួនការងារដែលមានផលិតភាពទ្វេដងនៅក្នុងវិស័យនាំចេញដែលបច្ចុប្បន្នមានចំនួន១,២លាននាក់។
អេក្វាឌ័រជាប្រទេសអាមេរិកឡាទីនទីបួនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន បន្ទាប់ពីប្រទេសឈីលី ប៉េរូ និងកូស្តារីកា។ FTA ចាំបាច់ត្រូវមានការអនុម័ត និងផ្តល់សច្ចាប័នដោយតុលាការធម្មនុញ្ញ និងរដ្ឋសភា (សភាឯកបក្ស) នៃប្រទេសអេក្វាឌ័រ មុនពេលចូលជាធរមាន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា