ចិន ​គាំទ្រ​សហភាព​អឺរ៉ុប​ក្នុងការ​ដើរ​តួនាទី​សំខាន់​កាន់តែសំខាន់នៅ​ក្នុង​កិច្ចការអន្តរជាតិ

0

បរទេស៖ លោក វ៉ាង យី (Wang Yi) ប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បាននិយាយថា ប្រទេសចិនតែងតែគាំទ្រសហភាពអឺរ៉ុប (EU) ក្នុងការដើរតួនាទីកាន់តែសំខាន់នៅក្នុងកិច្ចការអន្តរជាតិ។

លោក វ៉ាង បានធ្វើការកត់សម្គាល់ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូទ្រីស លោក អាឡិចសាន់ឌ័រ ស្កលលេនប៊ឺក (Alexander Schallenberg) នៅទីក្រុងវីយែនថា មិនថាស្ថានភាពអន្តរជាតិមានការវិវឌ្ឍយ៉ាងណានោះទេ ប្រទេសចិនតែងតែគាំទ្រយ៉ាងមុតមាំចំពោះសមាហរណកម្មអឺរ៉ុប ការឯកភាព និងការរីកចម្រើនរបស់ EU ដែលជាតួនាទីកាន់តែសំខាន់នៅក្នុងកិច្ចការពិភពលោក។

លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC បាននិយាយបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការដឹកនាំកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយភាគីអឺរ៉ុប ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។

លោក វ៉ាង បានកត់សម្គាល់ថា ទំនាក់ទំនងចិន-អូទ្រីសបានរក្សាបាននូវការអភិវឌ្ឍដ៏ល្អប្រសើរ ហើយបានបង្ហាញពីគោលបំណងចង់ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រជាមិត្តភាពជាមួយប្រទេសអូទ្រីស។

លោក ស្កលលេនប៊ឺក បាននិយាយថា ប្រទេសអូទ្រីសប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងល្អរវាងអូទ្រីស និងចិន ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងស្វែងរកមូលដ្ឋានរួមគ្នា។ លោក​បាន​កត់​សម្គាល់​ថា ប្រទេស​អូទ្រីស​មិន​គាំទ្រ​ឱ្យមានការ​កាត់​ផ្តាច់​ចេញផ្នែកណាមួយ​ពី​ប្រទេស​ចិននោះ​ទេ ហើយ​នឹង​ជំរុញ​យ៉ាង​សកម្ម​ដល់​ការ​អភិវឌ្ឍ​ដែល​មានភាពល្អប្រសើរ​នៃ​ទំនាក់​ទំនង​ EU-ចិន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក វិបត្តិអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀតដែលជាកង្វល់រួមផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា