បេសកជន​ពិសេស​ចិន​​បំពេញ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងរុស្ស៊ី

0

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា អ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី លោក លី ហ៊ុយ (Li Hui) នឹងធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ដែលចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភានេះ។

អ្នក​នាំ​ពាក្យ លោក វ៉ាង វិនប៊ីន (Wang Wenbin) បាន​ធ្វើ​ការ​កត់​សម្គាល់ខាងលើនេះ​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃមួយ​ដើម្បី​ឆ្លើយ​តបទៅ​នឹង​សំណួរ​ដែលពាក់ព័ន្ធ។

លោកបានចង្អុលបង្ហាញថា ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែនមក ប្រទេសចិនបាននិងកំពុងជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម ដោយលោកបាននិយាយបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក លី ទៅកាន់ប្រទេសពាក់ព័ន្ធទាំងនោះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញកិច្ចចរចាសន្តិភាព និងបង្ហាញយ៉ាងពេញលេញថា ប្រទេសចិនឈរនៅខាងភាគីនៃសន្តិភាព។

បច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែននៅតែមានការកើនឡើង ហើយបញ្ហាប៉ះពាល់នៅតែបន្តលេចឡើង។ លោក វ៉ាង បានកត់សម្គាល់ថា សហគមន៍អន្តរជាតិកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីបញ្ឈប់សង្គ្រាម និងបន្ធូរបន្ថយស្ថានការណ៍។

លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈបន្តដើរតួនាទីស្ថាបនាក្នុងការកសាងមតិជាអន្តរជាតិបន្ថែមទៀតទៅលើបទឈប់បាញ់ ការបញ្ចប់សង្គ្រាម ការបើកកិច្ចចរចាសន្តិភាព និងការជៀសវាងពីការកើនឡើងនៃភាពតានតឹង និងធ្វើឱ្យការរួមចំណែករបស់ចិនក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា