ចិន៖ នៅថ្ងៃចន្ទ បេសកជនកំពូលរបស់ចិននឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន រុស្ស៊ី និងទីក្រុងអឺរ៉ុបផ្សេងទៀតក្នុងដំណើរទស្សនកិច្ចមួយដែលក្រុងប៉េកាំងនិយាយថា មានគោលបំណងពិភាក្សាអំពី “ដំណោះស្រាយនយោបាយ” ចំពោះវិបត្តិអ៊ុយក្រែន។
កាលពីថ្ងៃសុក្រ ក្រសួងការបរទេសបានប្រកាសតែមិនបានផ្តល់កាលវិភាគលម្អិតថា លោក Li Hui តំណាងពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការអ៊ីរ៉ុប និងអាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសរុស្ស៊ី ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ បារាំង អាល្លឺម៉ង់ ក្នុងដំណើរទស្សនកិច្ចដែលមានរយៈពេលច្រើនថ្ងៃនេះផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា “ដំណើរទស្សនកិច្ចនេះគឺជា សក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ឆ្ពោះទៅរកការលើកកម្ពស់កិច្ចចរចាសន្តិភាព និងបង្ហាញឲ្យឃើញយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះសន្តិភាព”។
លោកគឺជា មន្ត្រីចិនជាន់ខ្ពស់ ដែលទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយការធ្វើដំណើររបស់លោកអាចស្របពេលជាមួយនឹងការចាប់ផ្តើមនៃការវាយលុកដែលរំពឹងទុកជាយូរមកហើយដោយអ៊ុយក្រែនដើម្បីដណ្តើមយកទឹកដីដែលរឹបអូសដោយរុស្ស៊ីមកវិញ។ បើយោងតាមប្រភពពីរដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា លោក Li នឹងធ្វើដំណើរទៅកាន់អ៊ុយក្រែនមុនគេ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ