រថយន្តកុងតឺន័រ និងរថយន្តដឹកអ្នកដំណើរបុកគ្នានៅប្រទេសម៉ិកស៊ិក បណ្តាលមនុស្សចំនួន ២៦នាក់ស្លាប់

0

ម៉ិកស៊ិក ៖ កាលពីព្រឹកថ្ងៃអាទិត្យ អាជ្ញាធរក្នុងតំបន់បាននិយាយថា រថយន្តកុងតឺន័រ និងរថយន្តវ៉ែនដឹកអ្នកដំណើរបានបុកគ្នានៅលើផ្លូវហាយវេមួយកន្លែងក្នុងរដ្ឋ Tamaulipas ភាគខាងជើងប្រទេសម៉ិកស៊ិក ដោយបណ្តាលឲ្យមនុស្សចំនួន ២៦នាក់បានស្លាប់។

ក្រសួងសន្តិសុខសាធារណៈរដ្ឋ Tamaulipas បាននិយាយថា រថយន្តទាំងពីរគ្រឿងនោះបានឆេះបន្ទាប់ពីបានបុកគ្នាប្រហែលកន្លះម៉ោងនៅខាងក្រៅរដ្ឋធានី Ciudad Victoria របស់រដ្ឋ Tamaulipas។ នៅពេលដែលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ រថយន្តកុងតឺន័រនោះបានឆេះខ្ទេចអស់ទៅហើយ។

ប្រភពមួយពីការិយាល័យរដ្ឋអាជ្ញារដ្ឋ Tamaulipas បាននិយាយថា អ្នកស៊ើបអង្កេតនៅមិនទាន់ដឹងច្បាស់ថា អ្នកបើកបររថយន្តកុងតឺន័របានរត់គេចខ្លួន ឬក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះទេ។ ប្រភពដដែលបានបាននិយាយថា រថយន្តវ៉ែនដឹកអ្នកដំណើរ ដែលរួមមានទាំងកុមារផងនោះ ត្រូវបានគេជឿថាជារថយន្តរបស់អាជីវកម្មដឹកជញ្ជូនឯកជន។

ប្រភពដដែលបាននិយាយបន្ថែមថា ជនរងគ្រោះទាំងអស់ត្រូវបានគេគិតថា ជាជនជាតិម៉ិកស៊ិក ខណៈដែលអត្តសញ្ញាណប័ណ្ណជាតិត្រូវបានរកឃើញនៅកន្លែងកើតហេតុ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ