បរទេស៖ ប្រទេសចិនបានបញ្ជូនសញ្ញាច្បាស់លាស់មួយដើម្បីសម្របខ្លួនទៅនឹងភាពធម្មតាថ្មីមួយនៅក្នុងផ្នែកប្រជាសាស្រ្តរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនើបភាវូបនីយកម្មដោយការកែលម្អគុណភាពទាំងមូលនៃចំនួនប្រជាជនរបស់ខ្លួន។
យោងតាមកិច្ចប្រជុំរបស់គណៈកម្មការកណ្តាលសម្រាប់កិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដែលបានធ្វើឡើងកាលពីសប្តាហ៍មុនបានឱ្យដឹងថា ប្រទេសចិនបច្ចុប្បន្នកំពុងជួបប្រទះនិន្នាការនៃការថយចុះអត្រាកំណើត ការកើនឡើងនៃប្រជាជនវ័យចំណាស់ និងភាពខុសគ្នានៃកំណើនប្រជាជនក្នុងតំបន់។
ទិន្នន័យផ្លូវការចុងក្រោយបង្អស់បានបង្ហាញថា ប្រជាជនចិនបានកើនឡើងដល់ចំនួន ១,៤១១៧៥ប៊ីលាននាក់នៅដំណាច់ឆ្នាំ២០២២ ដែលធ្លាក់ចុះចំនួន ៨៥០.០០០នាក់បើធៀបទៅនឹងកាលពីចុងឆ្នាំ២០២១។
លោក ហេ ដាន (He Dan) ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍប្រជាជនចិនបាននិយាយថា «ការថយចុះបន្តិចនៃទំហំប្រជាជន និងសង្គមដែលមានវ័យចំណាស់កាន់តែខ្លាំងឡើងគឺជៀសមិនរួចទេក្នុងអំឡុងពេលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
យោងតាមកិច្ចប្រជុំនេះ ប្រទេសចិននឹងយកការកសាងអំណាចអប់រំជាគម្រោងយុទ្ធសាស្ត្រ ហើយធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌ សុខភាព បញ្ញា និងកម្រិតសីលធម៌របស់ប្រជាជនចិន។
ឆ្លើយតបទៅនឹងភាពចាស់នៃចំនួនប្រជាជន លោក លូ មីង (Lu Ming) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Shanghai Jiao Tong បាននិយាយថា ប្រទេសនេះអាចទាញយកបទពិសោធន៍ និងប្រាជ្ញារបស់មនុស្សវ័យចំណាស់បាន។
ក្នុងចំណោមមនុស្សវ័យចំណាស់ជនជាតិចិនដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ មានប្រហែលពាក់កណ្តាលដែលមានអាយុចន្លោះពី ៦០ឆ្នាំទៅ ៦៩ឆ្នាំ។ លោក លូ បាននិយាយបន្ថែមថា ពួកគេជាច្រើនមានគុណសម្បត្តិទាំងចំណេះដឹង បទពិសោធន៍ និងជំនាញ ហើយសុខភាពរបស់ពួកគេនៅតែល្អដដែល។ ពួកគេអាចបន្តរួមចំណែកដល់សង្គមតាមមូលដ្ឋានដោយស្ម័គ្រចិត្ត។
ខណៈដែលការលើកឡើងពីការងារដើម្បីអភិវឌ្ឍធនធានមនុស្ស លោក ហូ ហ្សូគាន (Hu Zuquan) អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលព័ត៌មានរដ្ឋបានសង្កត់ធ្ងន់ពីតម្រូវការក្នុងការការពារសន្តិសុខប្រជាជន។
កិច្ចប្រជុំកាលពីសប្តាហ៍មុនបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរក្សាអត្រាកំណើត និងទំហំប្រជាជនដែលសមស្រប។ យោងតាមកិច្ចប្រជុំនេះបានឱ្យដឹងថា ប្រទេសចិននឹងអភិវឌ្ឍសេវាថែទាំកុមារដោយបរិយាប័ន្ន កាត់បន្ថយបន្ទុកលើគ្រួសារនៃការបង្កើតកូន ការចិញ្ចឹមកូន និងការអប់រំ ព្រមទាំងលើកកម្ពស់ការកសាងសង្គមដែលមានភាពងាយស្រួលដល់អត្រាកំណើត៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា