ថៃ បង្ហាញការព្រួយបារម្ភអំពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩

0

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចាន់អូចា (Prayut Chan-o-cha) និងក្រសួងសុខភាពសាធារណៈថៃ នៅតែមានការព្រួយបារម្ភអំពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បើទោះបីជាកាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសបញ្ចប់ស្ថានភាពអាសន្នផ្នែកសុខភាពសាធារណៈសម្រាប់ជំងឺរាតត្បាតមួយនេះនៅទូទាំងពិភពលោកក៏ដោយ។ នេះ​បើ​យោងតាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ​លោក អានុច ប៊ូរ៉ាប៉ាចៃស្រ៊ី (Anucha Burapachaisri) កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា។

យោងតាមលោក អានុច បានឱ្យដឹងថា ប្រទេសមួយចំនួននៅតែជួបប្រទះការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ដែលបន្តផលប៉ះពាល់ដល់ក្រុមដែលងាយរងគ្រោះផ្សេងៗ។

លោកត្រូវបានកាសែត The Nation ដកស្រង់សម្តីដែលបាននិយាយថា សាធារណជនថៃ ត្រូវបានគេណែនាំឱ្យរក្សាការប្រុងប្រយ័ត្ន និងទទួលការចាក់វ៉ាក់សាំងជាមួយនឹងដូសជំរុញដើម្បីរក្សាភាពស៊ាំឱ្យបានល្អប្រឆាំងនឹងការឆ្លងមេរោគរាតត្បាតនេះ។

ការលុបបំបាត់ទាំងស្រុងនៃជំងឺកូវីដ១៩ ពីពិភពលោក ឬតំបន់ជាក់លាក់ណាមួយ មិនអាចសម្រេចបានទេនាពេលបច្ចុប្បន្ននេះ ដោយសារជំងឺរាតត្បាតនេះអាចឆ្លងរវាងសត្វ និងមនុស្ស (ការឆ្លងមេរោគ zoonotic) ដែលធ្វើឱ្យវាពិបាកក្នុងការលុបបំបាត់ការឆ្លងរាលដាលនៃមេរោគនេះនៅក្នុងសត្វ និងការឆ្លងរបស់វាទៅមនុស្ស។

លោក អានុចា បាននិយាយបន្ថែមថា បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ និងពិភពលោកមានភាពប្រសើរឡើងក៏ដោយ ក៏រដ្ឋាភិបាលមានការប្រុងប្រយ័ត្នចំពោះការផ្ទុះឡើងនូវជំងឺកូវីដ១៩ ផ្សេងទៀតនៅពេលណាមួយ ដែលអាចប៉ះពាល់ដល់សាធារណៈជន អាជីវកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិម្តងទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា