បរទេស៖ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន (SOM) ដែលបានធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភា នៅទីក្រុងឡាប៊ូនបាចូរបស់ប្រទេសឥណ្ឌូណេស៊ី បានពិភាក្សាអំពីកត្តាអាទិភាពនៃការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៣ ក៏ដូចជាការរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
អគ្គនាយកសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន និងជាប្រធាន SOM ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក ស៊ីដហាតូ រេហ្សា ស៊ូយ៉ូឌីពូរ៉ូ (Sidharto Reza Suryodipuro) បាននិយាយថា ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ដូចជាការអនុវត្តសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ រួមទាំងដោយអារ៉ាប៊ីសាអូឌីត ប៉ាណាម៉ា និងអេស្ប៉ាញផងនោះ ក៏ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំ SOM ដែរ។
លោក ស៊ីដហាតូ បានលាតត្រដាងថា ផែនការសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រអាស៊ាន និងសន្និសីទគុណតម្លៃអរិយធម៌រួមអាស៊ាន ក៏ត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំនោះផងដែរ។
ក្រៅពីកិច្ចប្រជុំ SOM កិច្ចប្រជុំរបស់ក្រុមការងារក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីទីម័រឡេស្តេក៏ត្រូវបានធ្វើឡើងដែរ។ កិច្ចប្រជុំទាំងពីរនោះត្រូវបានចូលរួមដោយប្រទេសជាសមាជិកអាស៊ាន រួមទាំងទីម័រឡេស្តេជាសមាជិកគោលការណ៍ ក៏ដូចជាមីយ៉ាន់ម៉ាដែលមានអ្នកតំណាងមិននយោបាយ។
ទាក់ទងនឹងសមាជិកភាពរបស់ទីម័រឡេស្ត លោក ស៊ីដហាតូ បាននិយាយថា ផែនទីបង្ហាញផ្លូវមួយត្រូវបានពិភាក្សា ដែលរួមមានធាតុសំខាន់ៗដូចជា ឧបករណ៍ច្បាប់ គម្រោងវិភាគទានហិរញ្ញវត្ថុ និងការពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់ទីម័រឡេស្តេ ដើម្បីរៀបចំប្រទេសនេះសម្រាប់ការចូលរួមពេញលេញក្នុងអាស៊ាន។
កត្តាអាទិភាព និងផលប្រយោជន៍រួមរបស់ឥណ្ឌូណេស៊ីជាមួយអាស៊ានត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី៩ ឧសភា មុនពេលដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ក្នុងឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែឧសភា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា