បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺរាតត្បាតកូវីដ១៩ លែងជាភាពអាសន្នផ្នែកសុខភាពសាធារណៈ និងជាការព្រួយបារម្ភអន្តរជាតិ (PHEIC) ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់អង្គការ WHO ទៀតហើយ។
លោក តេដ្រូស អាដហានុម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការ WHO បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទសារព័ត៌មានក្នុងទម្រង់និម្មិតមួយពីទីក្រុងហ្សឺណែវ។
អង្គការ WHO បានប្រកាសអាសន្នកម្រិតខ្ពស់បំផុតរបស់ខ្លួនជាលើកដំបូងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ហើយក្រុមអ្នកជំនាញសុខភាពពិភពលោកបានបន្តអនុវត្តស្លាកសញ្ញានោះចាប់តាំងពីពេលនោះមកនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងរៀងរាល់បីខែម្តង។ កិច្ចប្រជុំជាមួយអ្នកជំនាញចុងក្រោយត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
នៅក្នុងខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានកំណត់ជំងឺកូវីដ១៩ ថាជាជំងឺរាតត្បាត ខណៈដែលវីរុសថ្មីនេះនៅតែបន្តរីករាលដាលពាសពេញពិភពលោក។
គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ មានករណីឆ្លងជំងឺកូវីដ១៩ ជាង ៧៦៥លានករណីនៅទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកស្លាប់ជាង ៦,៩លាននាក់ត្រូវបានរាយការណ៍ទៅអង្គការ WHO។ នេះបើយោងតាមស្ថិតិរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ។
អង្គការ WHO បានគូសបញ្ជាក់ពីគោលបំណងចំនួនបីនៅក្នុងរបាយការណ៍នេះ ដែលរួមមានការកាត់បន្ថយការចរាចរនៃមេរោគកូវីដ១៩ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺកូវីដ១៩ ដើម្បីកាត់បន្ថយករណីស្លាប់ ជំងឺ និងផលវិបាករយៈពេលវែង និងការគាំទ្រដល់ប្រទេសនានានៅពេលដែលពួកគេផ្លាស់ប្តូរពីការឆ្លើយតបជាបន្ទាន់ទៅរកការបង្ការ និងការគ្រប់គ្រងជំងឺកូវីដ១៩ ដែលមាននិរន្តរភាពយូរអង្វែង៕
ជំងឺកូវីដ១៩ បានផ្លាស់ប្តូរពិភពលោករបស់យើង ហើយវាបានផ្លាស់ប្តូរពួកយើង លោក តេដ្រូស បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ដោយព្រមានថា ហានិភ័យនៃការប្រែប្រួលថ្មីនៅតែមាន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា