ហុងកុង៖ នៅក្នុងសប្តាហ៍នេះ លោក Dominic Johnson រដ្ឋមន្ត្រីទទួលបន្ទុកវិនិយោគរបស់ចក្រភពអង់គ្លេសបាននិយាយថា លោកបានជួបប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីរដ្ឋាភិបាល និងនាយកប្រតិបត្តិនៅទីក្រុងហុងកុង ដែលជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសរូបនេះទៅកាន់ទីក្រុងនោះក្នុងរយៈពេលប្រាំឆ្នាំ។
ដំណើរទស្សនកិច្ចរបស់លោក Johnson ធ្វើឡើងបន្ទាប់ពីទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងហុងកុងកាន់តែតានតឹងខ្លាំងឡើងចាប់តាំងពីឆ្នាំ២០២០ នៅពេលដែលទីក្រុងប៉េកាំងបានប្រកាសដាក់ច្បាប់សន្តិសុខជាតិនៅក្នុងប្រទេសអតីតអាណានិគម។
លោក Johnson បាននិយាយថា លោកកំពុងស្ថិតនៅទីក្រុងហុងកុង ដើម្បីលើកកម្ពស់ចក្រភពអង់គ្លេសឲ្យក្លាយជាគោលដៅឈានមុខគេសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។
លោកបានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ទីក្រុងហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិឈានមុខគេមួយរបស់ពិភពលោក ហើយយើងបាននឹងកំពុងចែករំលែកផលប្រយោជន៍ចាប់ពីវិស័យសេវាកម្មហិរញ្ញវត្ថុដល់ហេដ្ឋារចនាសម្ព័ន្ធ និងនិរន្តរភាព”៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ