ការនាំចេញអង្កររបស់ប្រទេសថៃបានកើនឡើង ៨,៤៨% នៅត្រីមាសទី១ ឆ្នាំនេះ

0

បរទេស៖ ការនាំចេញអង្កររបស់ប្រទេសថៃបានកើនឡើង ៨,៤៨% ពីមួយឆ្នាំទៅមួយឆ្នាំដែលឈានដល់ចំនួន ២,០៦លានតោននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានុចា ប៊ូរ៉ាប៉ាចៃស្រ៊ី (Anucha Burapachaisri) បានឱ្យដឹងថា ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣ ការនាំចេញអង្កររបស់ប្រទេសនេះមានតម្លៃ ៣៨,០៦ប៊ីលានបាត (១,១ប៊ីលានដុល្លារអាម៉េរិក) ដោយកើនឡើងបាន ២៩,២៦%។ ក្នុងចំណោមការនាំចេញសរុបនោះ មានការនាំចេញ ១៦,៣៨% ត្រូវបានទិញដោយប្រទេសអ៊ីរ៉ាក់ បន្ទាប់មកគឺប្រទេសឥណ្ឌូណេស៊ី (១៣,០៨%) សហរដ្ឋអាមេរិក (៨,៦២%) អាហ្រ្វិកខាងត្បូង (៨,២៤%) និងសេណេហ្គាល់ (៥,៨៦%)។

លោក អានុចា បាននិយាយថា នាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃបានរៀបចំសន្និសីទស្តីពី «សន្និបាតអង្ករថៃឆ្នាំ២០២៣» នៅខេត្តឈៀងរ៉ៃ កាលពីថ្ងៃទី២៤-២៥ ខែមេសាកន្លងទៅ។

លោកបាននិយាយថា ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតការយល់ដឹងក្នុងចំណោមកសិករអំពីរបៀបដាំដុះពូជស្រូវផ្សេងៗគ្នា និងពិនិត្យស្តង់ដារមុនពេលនាំចេញ ក៏ដូចជាស្ថានភាពទីផ្សារពិភពលោក។

លោក​បាននិយាយ​បន្ត​ថា វា​ក៏​ស្របទៅ​តាម​យុទ្ធសាស្ត្រ​អង្ករ​ថៃ (ឆ្នាំ២០២០-២០២៤) ដែល​មាន​គោល​បំណង​ធ្វើឱ្យ​ប្រទេស​ថៃ​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​លើ​ពិភពលោក​ក្នុង​ការ​ផលិត និង​ទីផ្សារ​អង្ករ។

លោក​បាននិយាយ​បន្ថែម​ថា ក្រសួង​ពាណិជ្ជកម្ម​កំពុង​កំណត់​គោលដៅ​នាំ​ចេញ​អង្ករ​ថៃ​ពីចំនួន ៧,៥លានតោន​ទៅ ៨លាន​តោន​នៅក្នុង​ឆ្នាំ​នេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា