បរទេស៖ ហ្សាម (Zham) ដែលជាផែស្ងួតនៅព្រំដែនចិន-នេប៉ាល់បានបន្តការជួញដូរទំនិញទៅវិញទៅមកឡើងវិញកាលពីថ្ងៃចន្ទ។
ឡានដឹកទំនិញចំនួន ៣គ្រឿងដែលផ្ទុកទំនិញមានតម្លៃជាង ១០០.០០០យ័ន (១៤.៤៤២ដុល្លារអាម៉េរិក) បានទៅដល់ផែស្ងួតនោះពីប្រទេសនេប៉ាល់ ដែលជាការកត់សម្គាល់នៃការបន្តពាណិជ្ជកម្មទៅវិញទៅមកនៃផែស្ងួតនៅក្នុងទីក្រុងស៊ីហ្គាហ្សក្នុងតំបន់ស្វយ័តទីបេភាគនិរតីនៃប្រទេសចិន។
កំពង់ផែហ្សាមត្រូវបានបង្ខំឱ្យបញ្ឈប់សេវាកម្ម បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិតធំមួយបានវាយប្រហារប្រទេសនេប៉ាល់ក្នុងឆ្នាំ២០១៥ ដែលបានបំផ្លាញផ្លូវថ្នល់ ស្ពាន និងគ្រឿងបរិក្ខារនានានៅផែស្ងួតនោះ។ នៅក្នុងឆ្នាំ២០១៩ វាបានបើកឡើងវិញដោយផ្នែកៗដើម្បីអនុញ្ញាតឱ្យមានការនាំចេញទៅកាន់ប្រទេសនេប៉ាល់។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទំនិញជាង ១៧.០០០តោនដែលមានតម្លៃ ២៤៩លានយ័នត្រូវបាននាំចេញតាមផែស្ងួតនោះ។
លោក ប៉េង យីហាវ (Peng Yihao) អនុប្រធានបក្សនៃទីក្រុងស៊ីហ្គាហ្សបាននិយាយថា ការបន្តពាណិជ្ជកម្មទំនិញទៅវិញទៅមកតាមរយៈផែស្ងួតនោះ នឹងមិនត្រឹមតែជួយជំរុញពាណិជ្ជកម្មបរទេសនៅទីក្រុងស៊ីហ្គាហ្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងនាំមកនូវអត្ថប្រយោជន៍ដល់តំបន់ទីបេសម្រាប់ឈានទៅរកកម្រិតកាន់តែខ្ពស់ផងដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា