ឥណ្ឌូណេស៊ី គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់តំបន់អាស៊ីអាគ្នេយ៍ដើម្បីក្លាយជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ច

0

បរទេស៖ រដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋរបស់ឥណ្ឌូណេស៊ី (BUMN) លោក អេរីក ថូហៀរ (Erick Thohir) បាននិយាយថា ប្រទេសរបស់លោកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់តំបន់អាស៊ីអាគ្នេយ៍ដើម្បីក្លាយជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ច។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា លោក ថូហៀរ បាននិយាយថា ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ប្រទេសឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី៩-១១ ខែឧសភា នៅទីក្រុងឡាប៊ូនបាចូ (Labuan Bajo) ភាគខាងកើតខេត្តនូសាតេងហ្ការ៉ា (Nusa Tenggara) ក្នុងអំឡុងពេលដែលប្រទេសនេះមានគោលបំណងលើកកម្ពស់សន្តិភាព និងសេដ្ឋកិច្ចក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសឥណ្ឌូណេស៊ីនឹងនៅតែរក្សាការព្យាករសារនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G20 ដែលធ្វើឡើងនៅកោះបាលីកាលពីខែវិច្ឆិកាកន្លងទៅ ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) បានជំរុញឱ្យមានគោលនយោបាយសកលភាវូបនីយកម្មដែលផ្តល់ផលប្រយោជន៍មិនត្រឹមតែសម្រាប់ប្រទេសអភិវឌ្ឍប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ប្រទេសកំពុងអភិវឌ្ឍផងដែរ។

«មជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច» គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ៗទាំងបីនៃតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌូណេស៊ី។ សសរស្តម្ភនោះរួមបញ្ចូលនូវកត្តាអាទិភាពជាច្រើន ដូចជាការពង្រឹងរចនាសម្ព័ន្ធសុខភាពក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើម «សុខភាពតែមួយ» ការបង្កើនសន្តិសុខស្បៀងអាហារ និងថាមពល និងការអភិវឌ្ឍប្រព័ន្ធអេកូយានយន្តអគ្គិសនីក្នុងតំបន់ ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់អាស៊ានក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងការភ្ជាប់យន្តការទូទាត់នៅក្នុងតំបន់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា