អាមេរិក និងកូរ៉េខាងត្បូង នឹងបង្កើតស្ថាប័នពិគ្រោះយោបល់នុយក្លេអ៊ែររួមគ្នាមួយ

0

បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងចេញសេចក្តីថ្លែងការណ៍រួមមួយដែលហៅថាសេចក្តីប្រកាសទីក្រុងវ៉ាស៊ីនតោន (Washington Declaration) ដែលសម្ព័ន្ធមិត្តនេះនឹងបង្កើតស្ថាប័នពិគ្រោះយោបល់នុយក្លេអ៊ែររួមគ្នាមួយជាមធ្យោបាយនៃការពង្រឹងការរារាំងបន្ថែមទៀតរបស់ទីក្រុងវ៉ាស៊ីនតោនដែលត្រូវផ្តល់ឱ្យដល់ទីក្រុងសេអ៊ូល។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះបាននិយាយថា សម្ព័ន្ធមិត្តនេះនឹងបង្កើត «ក្រុមប្រឹក្សានុយក្លេអ៊ែរ» ថ្មីមួយដែលត្រូវបានយកគំរូតាមក្រុមការងារផែនការនុយក្លេអ៊ែររបស់អង្គការណាតូ ហើយនឹងផ្តល់ការយល់ដឹងបន្ថែមទៀតដល់ប្រទេសកូរ៉េខាងត្បូងអំពីរបៀបដែលសហរដ្ឋអាមេរិកមានផែនការ និងរៀបចំសម្រាប់ឧបទ្ទវហេតុសំខាន់ៗដែលនឹងកើតឡើង។

មន្ត្រីដដែលនោះបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយបរិក្ខារយុទ្ធសាស្ត្របន្ថែមទៀតជាប្រចាំទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកូរ៉េខាងជើង។

មន្ត្រីរដ្ឋបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយតាមទូរស័ព្ទកាលពីថ្ងៃអង្គារថា «យើងនឹងប្រកាសថា យើងមានបំណងចាត់វិធានការដើម្បីធ្វើឱ្យការរារាំងរបស់យើងមើលឃើញកាន់តែច្បាស់តាមរយៈការដាក់ពង្រាយបរិក្ខារយុទ្ធសាស្ត្រ រួមទាំងដំណើរទស្សនកិច្ចរបស់នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក (SSBN) ទៅកាន់ប្រទេសកូរ៉េខាងត្បូងដែលមិនធ្លាប់បានកើតឡើងតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០ មក»។

ជាការតបស្នងវិញ ទីក្រុងសេអ៊ូលនឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕

ប្រភព៖ ក្រសួងព័ត៌មាន