បរទេស៖ អ្នកនាំពាក្យសេតវិមាន លោកស្រី ការីន ជីនភ្យែរ (Karine Jean-Pierre) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G7 នៅប្រទេសជប៉ុនដោយផ្ទាល់នៅក្នុងខែក្រោយ។
លោកស្រី ជីនភ្យែរ បាននិយាយថា «លោកប្រធានាធិបតី ចូសេប អ.បៃដិន ជេអ (Joseph R. Biden, Jr.) នឹងទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅថ្ងៃទី១៩-២១ ខែឧសភា»។
លោកស្រីក៏បានកត់សម្គាល់ផងដែរថា លោក បៃដិន នឹងចូលរួមកិច្ចប្រជុំកំពូល Quad Leaders’ Summit នៅទីក្រុងស៊ីដនី ដែលនៅទីនោះ លោក និងមេដឹកនាំនៃប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន នឹងជួបពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
កាលពីព្រឹកថ្ងៃអង្គារ លោកប្រធានាធិបតី បៃដិន បានប្រកាសជាផ្លូវការថា លោកកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន