បរទេស៖ ការចំណាយទៅលើវិស័យយោធាសកលលោកនៅក្នុងឆ្នាំ២០២២ បានកើនឡើង ៣,៧% ដែលឈានដល់តម្លៃ ២,២៤ទ្រីលានដុល្លារអាម៉េរិកជាមួយនឹងការកើនឡើងខ្ពស់បំផុតនៅអឺរ៉ុបក្នុងរយៈពេល ៣០ឆ្នាំកន្លងមក។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
សហរដ្ឋអាមេរិក ចិន និងរុស្សី ស្ថិតក្នុងលំដាប់កំពូលទាំងបី ទាក់ទងនឹងការចំណាយទៅលើវិស័យយោធាសកលលោក ជាមួយនឹង ៥៦% នៃចំនួនសរុបរបស់ពិភពលោក។ ស្ថានភាពនៅអ៊ុយក្រែន និងភាពតានតឹងនៅតំបន់អាស៊ីបូព៌ាបានក្លាយជាកត្តាកំណើនដ៏សំខាន់ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការចំណាយ ១៣% ដែលត្រូវបានមើលឃើញនៅអឺរ៉ុប។
លោក ណាន ទៀន (Nan Tian) អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីចំណាយយោធា និងផលិតអាវុធរបស់ SIPRI បាននិយាយថា «ការកើនឡើងជាបន្តបន្ទាប់នៃការចំណាយទៅលើវិស័យយោធាសកលលោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសញ្ញាមួយបង្ហាញថា យើងកំពុងរស់នៅក្នុងពិភពលោកដែលមានអសន្តិសុខកាន់តែខ្លាំងឡើង»។ លោកបាននិយាយបន្ថែមថា «រដ្ឋនានាកំពុងពង្រឹងកម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន ដែលពួកគេមិនបានរំពឹងទុកថានឹងមានភាពប្រសើរឡើងនាពេលខាងមុខនោះទេ»។
អ្នកនិពន្ធរបាយការណ៍កត់សម្គាល់ថា ការចំណាយផ្នែកយោធាដោយបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងខាងលិច បានវិលត្រឡប់ទៅរកកម្រិតសង្គ្រាមត្រជាក់វិញហើយ។ នៅអឺរ៉ុបកណ្តាល មានទឹកប្រាក់រហូតដល់ទៅ ៣៤៥ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន ខណៈដែលនៅក្នុងន័យជាក់ស្តែង វាលើសពីការចំណាយកាលពីឆ្នាំ១៩៨៩ និងខ្ពស់ជាង ៣០% កាលពីក្នុងឆ្នាំ២០១៣។ ប្រទេសមួយចំនួនបានបង្កើនការចំណាយទៅលើវិស័យការពារជាតិរបស់ពួកគេរួចហើយ ខណៈដែលប្រទេសខ្លះបានប្រកាសពីចេតនាចង់បង្កើនការចំណាយដូចគ្នានេះដែរ «ក្នុងរយៈពេលរហូតដល់មួយទសវត្សរ៍កន្លងមកនេះ»។ ការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើផ្នែកយោធាត្រូវបានគេមើលឃើញថាមាននៅក្នុងប្រទេសហ្វាំងឡង់ (៣៦%) លីទុយអានី (២៧%) ស៊ុយអែត (១២%) និងប៉ូឡូញ (១១%)៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា