រុស្ស៊ី នឹងបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសចិនអោយបាន ២២ប៊ីលានម៉ែត្រគូប

0

បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ដឺរ ណូវ៉ាក់ (Alexander Novak) បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងកម្មវិធី«មូស្គូ ពូទីន ក្រឹមឡាំង» នៅលើប៉ុស្តិ៍ទូរទស្សន៍រ៉ូស៊ីយ៉ា-១ ថា នៅក្នុងឆ្នាំនេះ ប្រទេសរុស្ស៊ីនឹងបង្កើនការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរឧស្ម័នទៅកាន់ប្រទេសចិនចំនួន ៥០% និងបង្កើនបរិមាណឱ្យដល់ ២២ប៊ីលានម៉ែត្រគូប។

លោក ណូវ៉ាក់ បាននិយាយថា «តួលេខពីមុនបានបង្ហាញថា នៅចុងឆ្នាំ២០២២ ការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងធ្យូងថ្មបានកើនឡើង»។

លោកបាននិយាយបន្ថែមថា «កាលពីឆ្នាំមុន យើងបានចែកចាយឧស្ម័នធម្មជាតិចំនួន ១៥ប៊ីលានម៉ែត្រគូប ហើយរំពឹងថាតួលេខនេះនៅក្នុងឆ្នាំ២០២៣ នឹងកើនឡើងដល់ ២២ប៊ីលានម៉ែត្រគូប ដែលជាការកើនឡើងស្ទើរតែ ៥០%»។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេកាលពីក្នុងខែមីនា មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) បានណែនាំដល់គណៈប្រតិភូរដ្ឋាភិបាលរបស់ពួកគេឱ្យរៀបចំឯកសារស្តីពីបំពង់បង្ហូរឧស្ម័នស៊ីឡា ស៊ីប៊ីរី-២ (Sila Sibiri-2) ដើម្បីចុះហត្ថលេខាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រភព៖ ក្រសួងព័ត៌មាន