បរទេស៖ ក្រសួងពាណិជ្ជកម្មថៃបានកំណត់ទិសដៅនៃការកើនឡើង ១០% នៃការនាំចេញផ្លែឈើស្រស់ និងផ្លែឈើកែច្នៃរបស់ប្រទេសថៃឱ្យបានដល់ ៤,៤៤លានតោននៅក្នុងឆ្នាំនេះ។
ជាពិសេស ប្រទេសនេះរំពឹងថានឹងបង្កើនតម្លៃនាំចេញផ្លែធុរេនឱ្យបានដល់ ១០០ប៊ីលានបាត (២ប៊ីលានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ២០២៣។
អ្នកនាំពាក្យស្តីទីរបស់រដ្ឋាភិបាលថៃ លោក អានុចា ប៊ូរ៉ាប៉ាចៃស្រ៊ី (Anucha Burapachaisri) បាននិយាយថា ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងសហករណ៍ និងទីភ្នាក់ងារទាំងវិស័យសាធារណៈ និងឯកជន បានសម្របសម្រួលដើម្បីស្នើវិធានការសរុបចំនួន២២ ដើម្បីសម្រេចបាននូវគោលដៅនាំចេញនេះ។
វិធានការនេះត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាទាក់ទងនឹងតម្លៃផ្លែឈើ និងកង្វះបរិមាណ ព្រមទាំងសម្រេចបាននូវគោលដៅនាំចេញដែលគ្របដណ្តប់ទៅលើទិដ្ឋភាពបួនយ៉ាង គឺផលិតកម្ម ទីផ្សារក្នុងស្រុក ការស្វែងរកទីផ្សារថ្មីនៅបរទេស និងកិច្ចចរចាជាមួយដៃគូពាណិជ្ជកម្ម ដើម្បីកាត់បន្ថយឧបសគ្គចំពោះការនាំចេញផ្លែឈើ។
ដើម្បីធានាបាននូវគុណភាពនៃផ្លែធុរេន លោក អានុចា បាននិយាយថា កសិករនៅតាមបណ្តាខេត្តភាគខាងកើតនៃប្រទេសថៃត្រូវបានណែនាំឱ្យអនុវត្តតាមកាលវិភាគប្រមូលផលតាមខេត្តយ៉ាងម៉ឺងម៉ាត់ ដែលត្រូវបានរៀបចំឡើងដើម្បីបញ្ចេញផ្លែនោះទៅកាន់ទីផ្សារនៅពេលដែលតម្លៃឡើងដល់ចំណុចខ្ពស់បំផុត។
កសិករដាំផ្លែធុរេនក៏ត្រូវបានស្នើឱ្យចៀសវាងការប្រមូលផលមិនគ្រប់ខែ ដើម្បីការពារការផ្គត់ផ្គង់លើសតម្រូវការផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន