ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីនៅតែស្ថិតក្រោមការគ្រប់គ្រង

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោកស្រីវេជ្ជបណ្ឌិត ហ្សាលីហា មូស្តាហ្វា (Zaliha Mustafa) បាននិយាយថា នៅពេលនេះមិនចាំបាច់ភ័យស្លន់ស្លោឡើយ ព្រោះថាចំនួនករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីនៅតែស្ថិតក្រោមការគ្រប់គ្រង ហើយចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនេះក៏នៅមានកម្រិតទាបដែរ ដែលភាគច្រើនពាក់ព័ន្ធនឹងមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៨ ខែមេសា លោកស្រីរដ្ឋមន្ត្រីរូបនេះបាននិយាយថា វ៉ារ្យ៉ង់អូមីក្រុងនៅតែជាវ៉ារ៉្យង់ដែលមានការឆ្លងរាលដាលលឿន ប៉ុន្តែវានៅតែស្ថិតក្រោមការគ្រប់គ្រងបាន ហើយរោគសញ្ញានៅតែមិនមានលក្ខណៈធ្ងន់ធ្ងរ។ ក្នុងចំណោមវ៉ារ៉្យង់រងរបស់វ៉ារ៉្យង់អូមីក្រុង (ត្រូវបានគេស្គាល់ផងដែរថាជាវ៉ារ៉្យង់ XBB) ដែលបានកត់ត្រានៅក្នុងប្រទេសម៉ាឡេស៊ីរហូតមកដល់ពេលនេះរួមមានវ៉ារ៉្យង់រង XBB 1.5, វ៉ារ៉្យង់រង XBB 1.6 និងវ៉ារ៉្យង់រង XBB 1.9 ។

ក្រសួងបានណែនាំដល់សាធារណជនឱ្យពាក់ម៉ាស់ការពារ ជាពិសេសប្រសិនបើពួកគេមានរោគសញ្ញាជំងឺកូវីដ១៩ ដូចជាផ្តាសាយ ឬក្អកជាដើម។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ របស់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បានកើនឡើងដល់ ១៦នាក់ ប៉ុន្តែអត្រាប្រើប្រាស់គ្រែក្នុងមន្ទីរពេទ្យបានកើនឡើងជាង ៧០% ដែលចំនួនករណីដែលបានបញ្ជាក់ជាមធ្យមមានប្រហែល ៨០០នាក់ ដែលកើនឡើងពី ៣៥-៤០% បើប្រៀបធៀបទៅនឹងខែមករា នៅពេលដែលចំនួនករណីដែលបានបញ្ជាក់មានតិចជាង ២០០នាក់។

នៅពេលមុននេះ លោកស្រីវេជ្ជបណ្ឌិត ហ្សាលីហា ក៏បានបើកដំណើរការគេហទំព័រ Health White Paper ដើម្បីប្រមូលមតិសាធារណៈជន និងទទួលបានព័ត៌មានពាក់ព័ន្ធ ព្រមទាំងផ្តល់យោបល់ ឬទស្សនៈស្តីពីគំនិតផ្តួចផ្តើមដើម្បីកែលម្អប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន