ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៩ នាវេលាម៉ោង១៤ ក្រុមមាតាបិតានៃដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវបានសាលាឧទ្ធរណ៍កោះហៅអោយទៅចូលរួមអង្គជំនុំជម្រះលើកទី២ក្រោយពីមានការលើកសវនាការមួយលើករួចមក។ ដូចសព្វមួយដងដែរ ទាំងចុងចោទនិងមេធាវីការពារក្ដី ពុំបានបង្ហាញវត្តមាន នៅក្នុងអង្គសវនាការឡើយ។
មិនតែប៉ុណ្ណោះមេធាវីការពារក្ដីចុងចោទបានដាក់លិខិតសុំពន្យាសវនាការម្ដងទៀត ក្រោមហេតុផលថាកូនក្ដីរបស់ខ្លួនកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។ យ៉ាងណាមិញ ដោយសារតែមានវត្តមាននៃដើមបណ្ដឹងមានចំនួនច្រើន (សរុប១៩គ្រួសារ ក្នុងចំណោម២១គ្រួសារ) បានទៅចូលរួម លោកចៅក្រមក៏សម្រេចបន្តដំណើនីតិវិធីតុលាការ។
នៅក្នុងអង្គសវនាការនេះ ពុំមានអ្វីថ្មីឬអ្វីដែលត្រូវដេញដោលឡើយ ដោយហេតុថា ដើមបណ្ដឹងពុំបានប្ដឹងទាស់ ទៅនឹងសាលក្រមដែលបានចែងពីខាងសាលាដំបូងរាជធានីភ្នំពេញទេ។ ផ្ទុយទៅវិញ គឺភាគីចុងចោទទេជាអ្នកប្ដឹងទាស់ ហើយតែងតែអវត្តមានរាល់ពេលដែលសាលាឧទ្ធរណ៍បើកអង្គសវនាការ។ ជាលទ្ធផល លោកចៅក្រមក៏បានសម្រេចថ្ងៃក្នុងការប្រកាសសាលក្រមលើកទី២ដែលនឹងចេញពីខាងសាលាឧទ្ធរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹកផងដែរ៕
ប្រភព៖ ឯកឧត្តម ខៀវ កញ្ញារិទ្ធិ