Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ី បានអំពាវនាវឱ្យអ្នកវិនិយោគឆេកចូលរួមក្នុង ការអភិវឌ្ឍការដឹកជញ្ជូនទ្រង់ទ្រាយធំ

ឥណ្ឌូណេស៊ី បានអំពាវនាវឱ្យអ្នកវិនិយោគឆេកចូលរួមក្នុង ការអភិវឌ្ឍការដឹកជញ្ជូនទ្រង់ទ្រាយធំ

0

បរទេស៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអំពាវនាវឱ្យអ្នកវិនិយោគឆេកចូលរួមក្នុងការអភិវឌ្ឍការដឹកជញ្ជូនទ្រង់ទ្រាយធំដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងរដ្ឋធានីថ្មីនូសាន់តារ៉ានាពេលអនាគត។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានធ្វើការអំពាវនាវខាងលើនេះពេលជួបជាមួយនាយករដ្ឋមន្ត្រីឆេក លោក ភើត ហ្វៀឡា (Petr Fiala) នៅវិមានប្រធានាធិបតីបូហ្គោរ (Bogor) ក្នុងខេត្តចាវ៉ាខាងលិច កាលពីថ្ងៃទី១៨ ខែមេសា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម លោក វីដូដូ បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់លោក ហ្វៀឡា ក្នុងការអនុញ្ញាតិឱ្យមានអ្នកតំណាងក្រុមហ៊ុនឆេកមួយចំនួនចូលរួមក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌូណេស៊ីនោះ ដែលជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឆេកក្នុងការកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូណេស៊ី។

សម្រាប់ភាគីសាធារណរដ្ឋឆេក លោក ហ្វៀឡា បានស្វាគមន៍ចំពោះការអញ្ជើញរបស់លោក វីដូដូ សម្រាប់ក្រុមហ៊ុនអាជីវកម្មរបស់ឆេកដើម្បីវិនិយោគនៅក្នុងរដ្ឋធានីនូសាន់តារ៉ា ដោយលោកបាននិយាយថា គម្រោងនេះគឺពិតជាមានមហិច្ឆតា ហើយលោកកំពុងទន្ទឹងរង់ចាំបទបង្ហាញបន្ថែមទៀតទាក់ទងនឹងគម្រោងនេះនាពេលខាងមុខ។

លោកក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនឆេកមួយចំនួនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងការអភិវឌ្ឍរដ្ឋធានីនូសាន់តារ៉ា ដូចជាការផ្តល់បច្ចេកវិទ្យាឆ្លាតវៃ និងបច្ចេកវិទ្យាបៃតងជាដើម។

នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក វីដូដូ ក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការពន្លឿនការបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) រវាងប្រទេសឥណ្ឌូណេស៊ី និងសហភាពអឺរ៉ុប (EU)៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleសម្តេច​តេ​ជោ ហ៊ុន សែន៖ រយៈពេល​៣​ខែ​កម្ពុជា​ទទួល​បាន​ចំណូល​ពន្ធ (​គយ និង​ពន្ធដារ​) ប្រមាណ​១០០០​លាន​ដុល្លារ
Next articleសម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រុមគ្រូពេទ្យទាំអស់ ត្រូវយកចិត្តទុកដាក់ បន្តការខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យ