ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើឱ្យក្រុមគ្រូពេទ្យទាំអស់ ត្រូវយកចិត្តទុកដាក់ បន្តការខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យ រួមជាមួយនិងការបង្កើនសមត្ថភាព លើផ្នែកបច្ចេកទេសសម្រាប់ការព្យាបាលប្រជាពលរដ្ឋផងដែរ។
ក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ អគារសម្ភព ក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលថ្មីនេះ បានផ្ដល់ឱកាសជាច្រើន ក្នុងការព្យាបាលជំងឺ ឯកទេសផ្នែកកុមារ ហើយសង្ឃឹមថា ការពង្រឹងសមត្ថភាពផ្នែកវិស័យសុខាភិបាលលើគ្រប់ផ្នែក គឺជាបញ្ហាចាំបាច់ខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាព។ សម្ដេចតេជោបន្តថា គោលនយោបាយគាំពារសង្គមទៅលើស្ត្រីក្រីក្រ ចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុពីរឆ្នាំ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់គណពក្សប្រជាជនកម្ពុជា ដែលនឹង បន្ត ហើយពង្រីកទំហំនៃប្រាក់ឧបត្ថម្ភដែលត្រូវទទួលបានសម្រាប់ស្ត្រីទាំង នោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្លែងទៀតថា កម្ពុជាពេលនេះ ពីសង្គ្រាមបែកបាក់ មកកាន់កម្ពុជាដែលមានសន្តិភាព ពីកម្ពុជាដែលមានលក្ខណៈអន់ថយមកកាន់កម្ពុជាមួយ ដែលងើបឈរឡើវិញ ទោះបីជាជាមិកនទាន់មាន ក៏ប៉ុន្តែកម្ពុជាគ្មានវិបត្តិ ម្ហូបអាហារ និងស្បៀងនោះទេ។ ដូច្នេះយើងត្រូវប្រឹងជាបន្តទៀត ហើយសង្ឃឹមថាក្រុមគ្រូពេទ្យរបស់យើងនឹងចូលរួមចំណែក ធ្វើឱ្យវិស័យសុខាភិបាលរបស់យើងកាន់តែប្រសើរ។
គួរបញ្ជាក់ថា នេះជាលើកទី ៤ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារនៅមន្ទីរពេទ្យកុមារជាតិ។អគារសម្ភពនេះ មានកម្ពស់ ៤ជាន់ ដែលអាចដាក់អ្នកជំងឺបានប្រមាណ ១០០គ្រែ។ អគារមន្ទីរពេទ្យថ្មីបន្ថែមទៀតនេះ នឹងជួយលើកកម្ពស់សុខុមាលភាពមាតា និងកុមារកាន់តែប្រសើរបន្ថែមទៀត ព្រោះអគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបៗ និងមានប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។ អគារសម្ភពថ្មីនេះមានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រមានកម្ពស់ ៤ជាន់ ចាប់ផ្ដើមសាងសង់នៅខែកម្ភៈឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការនៅខែកញ្ញាឆ្នាំ២០២២ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាល។ អគារថ្មីនេះមានបំពាក់សម្ភារបរិក្ខារពេទ្យទំនើបៗ ជាជំនួយរបស់ប្រទេសឆេក ដោយមានផ្តល់សេវាពិគ្រោះជំងឺកុមារ ពិនិត្យផ្ទៃពោះ ចាក់ថ្នាំបង្ការកុមារ រោគស្ត្រី សម្រាលកូន ផ្នែកវះកាត់និងទារកមានបញ្ហាផ្សេៗក្រោយសម្រាល៕
ប្រភព៖ ក្រសួងព័ត៌មាន