Home ព័ត៌មានអន្តរជាតិ ធនាគារឥណ្ឌូណេស៊ី ប្រកាសរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលជាលើកទីបីជាប់ៗគ្នា

ធនាគារឥណ្ឌូណេស៊ី ប្រកាសរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលជាលើកទីបីជាប់ៗគ្នា

0

បរទេស៖ ធនាគារឥណ្ឌូណេស៊ី (BI) បានប្រកាសនៅក្នុងកិច្ចប្រជុំមួយរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមេសាថា ខ្លួននឹងរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅដដែលជាលើកទីបីជាប់ៗគ្នា។

ប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះត្រូវបានគាំទ្រដោយការកើនឡើងនៃការនាំចេញទំនិញ បើទោះបីជាអ្នកសេដ្ឋកិច្ចរំពឹងថានឹងមានការធ្លាក់ចុះនៃកំណើនដោយសារតែគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងនៅទូទាំងពិភពលោកដែលមានបន្ទុកទៅលើតម្រូវការសកលលោកក៏ដោយ។

អភិបាលធនាគារ BI លោក ភែរី វ៉ាជីយ៉ូ (Perry Warjiyo) បាននិយាយថា ការរក្សាអត្រាការប្រាក់នៅកម្រិត ៥,៧៥% ដូចដែលបានរំពឹងទុកនោះ គឺសំដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ អត្រាគោលបច្ចុប្បន្ននៅតែមានភាពគ្រប់គ្រាន់ដើម្បីរក្សាអតិផរណាស្នូលក្នុងរង្វង់គោលដៅរបស់ធនាគារ BI ពី ២-៤% ។

លោកបាននិយាយថា កាលពីខែមុន អតិផរណាមានកម្រិត ៤,៩% ប៉ុន្តែវានឹងបន្តបន្ធូរបន្ថយ ដោយលោកបាននិយាយបន្ថែមថា ចាប់ពីខែសីហា វាអាចមានកម្រិតទាបជាង ៤%។ កាលពីពេលមុន ធនាគារ BI បានរំពឹងថា អតិផរណានឹងត្រលប់ទៅរកកម្រិតគោលដៅវិញនៅក្នុងខែកញ្ញា។

ធនាគារកណ្តាលបានរក្សាទស្សនវិស័យកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួននៅក្នុងឆ្នាំ២០២៣ នៅចន្លោះពី ៤,៥%-៥,៣%៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleពលរដ្ឋ​ជិត​៥ម៉ឺន​នាក់ ​​បានជិះរថយន្ត​ក្រុងក្នុង​ឱកាសបុណ្យ​ចូលឆ្នាំខ្មែរ
Next articleថៃត្រៀមខ្លួនទប់ទល់នឹងកូវីដ១៩ ក្រោយពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី