បរទេស៖ អាជ្ញាធរបាននិយាយថា កាលពីថ្ងៃសៅរ៍ បុរសប្រដាប់អាវុធ បានសម្លាប់កុមារម្នាក់ និងមនុស្ស០៦នាក់ផ្សេងទៀត បន្ទាប់ពីបានសម្រុកចូលក្នុងរីសតមួយនៅកណ្តាលទីក្រុង Guanajuato នៃប្រទេសម៉ិកស៊ិក ជាតំបន់មួយដែលមានការញាំញីកាន់តែខ្លាំងដោយអំពើហឹង្សាពីក្រុមជួញដូរគ្រឿងញៀន ។
វីដេអូដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធបណ្តាញសង្គមបានបង្ហាញពីស្ថានភាពក្រោយការវាយប្រហារនៅក្នុងរីសតមួយដែលមានដើមត្នោតនៅក្នុងទីក្រុងតូចមួយនៃតំបន់ Cortazar ដែលមានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Guanajuato ។
នាយកដ្ឋានសន្តិសុខក្នុងតំបន់ Cortazar បាននិយាយថា ខ្លួនមិនច្បាស់ទេថាអ្នកណាជាអ្នកនៅពីក្រោយការបាញ់ប្រហារដែលបានសម្លាប់ក្មេងអាយុ០៧ឆ្នាំម្នាក់ បុរសចំនួនបីនាក់ និងស្ត្រីចំនួនបីនាក់នោះ ហើយមានមនុស្សម្នាក់បានរងរបួសធ្ងន់នៅរីសត La Palma ។
គួរបញ្ជាក់ផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមជួញដូរគ្រឿងញៀនបានប្រជែង និងប្រយុទ្ធគ្នាយ៉ាងព្រៃផ្សៃ ដើម្បីគ្រប់គ្រងទឹកដី និងផ្លូវជួញដូរឆ្លងកាត់រដ្ឋ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ