រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី ចង់ជំរុញទំនាក់ទំនងជាមួយប្រទេស ២នេះ

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី លោក ដុន ហ្វារែល (Don Farrell) ចេញដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងហ្វីលីពីន កាលពីថ្ងៃទី១៦ ខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង។

ដំណើរទស្សនកិច្ចរបស់លោកបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងការពង្រឹង និងធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួននៅទូទាំងតំបន់។

សេចក្តីប្រកាសព័ត៌មាននោះបាននិយាយថា «ប្រទេសអូស្ត្រាលី និងវៀតណាម គឺជាដៃគូ និងជាមិត្តដ៏រឹងមាំ ដោយឆ្នាំនេះជាឆ្នាំនៃការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរបស់យើង។ យើងចែករំលែកនូវមហិច្ឆិតាមួយក្នុងការលើកកម្ពស់ទំនាក់ទំនងរបស់យើងទៅកាន់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

នៅក្នុងប្រទេសវៀតណាម លោករដ្ឋមន្ត្រីរូបនោះគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតរបស់រដ្ឋាភិបាលវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងផលប្រយោជន៍ក្នុងតំបន់។

ខណៈនៅទីក្រុងហាណូយ លោកនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសេដ្ឋកិច្ចប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម ព្រមទាំងជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនាពេលខាងមុខផងដែរ។

នៅទីក្រុងហូជីមិញ លោករដ្ឋមន្ត្រីនឹងប្រារព្ធពិធីចាប់ផ្តើមការធ្វើឱ្យប្រសើរឡើងនូវជើងហោះហើររវាងប្រទេសវៀតណាម និងអូស្ត្រាលី។ ជើងហោះហើរទាំងនេះនឹងជួយសម្រួលដល់ការកើនឡើងនៃការធ្វើដំណើរទៅវិញទៅមក និងជំរុញសេដ្ឋកិច្ចអូស្ត្រាលី តាមរយៈការកើនឡើងនៃវិស័យទេសចរណ៍ ការធ្វើដំណើរអាជីវកម្ម និងជម្រើសនៃការដឹកជញ្ជូនទំនិញ។

ពីទីក្រុងហូជីមិញ រដ្ឋមន្ត្រីអូស្ត្រាលីនឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីពិភាក្សាអំពីមហិច្ឆិតាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា «នៅក្នុងតំបន់របស់យើង ប្រទេសវៀតណាម និងហ្វីលីពីន គឺជាទីផ្សារដែលមានការកំពុងរីកចម្រើនខ្លាំងសម្រាប់ដំណើរទស្សនកិច្ចអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលី ហើយយើងសង្ឃឹមថាទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់យើងជាមួយប្រទេសទាំងពីរនឹងឃើញមានការរីកចម្រើនជាបន្តបន្ទាប់»៕

ប្រភព៖ ក្រសួងព័ត៌មាន