បរទេស៖ ទីក្រុងឈៀងម៉ៃដែលជាទីក្រុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃបានស្ថិតនៅក្រោមផ្សែងអ័ព្ទយ៉ាងក្រាស់ ដែលជាលទ្ធផលនៃកម្រិតការបំពុលដ៏គ្រោះថ្នាក់នៅភាគខាងជើងប្រទេសថៃ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើសុខភាពរបស់ប្រជាជន និងវិស័យទេសចរណ៍ដែលជាវិស័យសំខាន់នៃសេដ្ឋកិច្ច។
កាលពីថ្ងៃទី១១ ខែមេសា កម្រិតនៃភាគល្អិតល្អ PM2.5 ដែលអាចចូលទៅក្នុងចរន្តឈាម គឺច្រើនជាង ៣០ដងនៃគោលការណ៍ណែនាំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHO)។ នេះបើយោងតាមកម្មវិធីត្រួតពិនិត្យខ្យល់សកល IQAir ។
កម្មវិធី IQAir បានដាក់ចំណាត់ថ្នាក់ទីក្រុងឈៀងម៉ៃស្ថិតក្នុងចំណោមកន្លែងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោក លើសពីកន្លែងធម្មតាដូចជា ទីក្រុងឡាហូរេ និងទីក្រុងដេលី។
យោងតាមក្រសួងសុខាភិបាលថៃបានឱ្យដឹងថា មនុស្សជិត ២លាននាក់ក្នុងប្រទេសថៃត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺផ្លូវដង្ហើមទាក់ទងនឹងការបំពុលខ្យល់រហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ។
ការបំពុលដោយធូលីភាគល្អិតក៏បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក្នុងខេត្តឈៀងម៉ៃផងដែរ។
លោកស្រី កាន់ចាយ៉ា ប៊ូនតាន់ (Kanchaya Boontan) អាយុ ៤០ឆ្នាំដែលគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ CM Siam Travel បាននិយាយថា ឆ្នាំនេះមិនល្អនោះទេ។ ហាងរបស់លោកស្រីចំនួន៤ ត្រូវបានបិទដោយបង្ខំក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ហើយលោកស្រីទើបតែចាប់ផ្តើមងើបឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ សមាគមសណ្ឋាគារថៃភាគខាងជើង បានព្រមានកាលពីសប្តាហ៍មុនថា ភ្ញៀវទេសចរក្នុងស្រុកកំពុងលុបចោលការកក់ទុកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីសង្រ្កាន ដោយសារកម្រិតនៃការបំពុលក្នុងខ្យល់។
ការបំពុលក្នុងខ្យល់នៅក្នុងទីក្រុងទេសចរណ៍នេះ ភាគច្រើនបណ្តាលមកពីភ្លើងឆេះព្រៃ និងការដុតបំផ្លាញកសិកម្មតាមរដូវ៕
ប្រភព៖ ក្រសួងព័ត៌មាន