ឥណ្ឌូណេស៊ី បន្ថែមថវិកាសម្រាប់ការថែទាំសុខភាព

0

បរទេស៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងបម្រុងថវិការហូតដល់ ២០០,៨ទ្រីលានរូពី (១៣,៤ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ការថែទាំសុខភាពនៅក្នុងឆ្នាំ២០២៤ ដើម្បីដោះស្រាយកង្វល់នៃជំងឺក្រិន និងជំងឺរបេង។

តួលេខនេះ គឺខ្ពស់ជាងថវិកាដែលបានកំណត់សម្រាប់ឆ្នាំ២០២៣ ដែលមានចំនួនត្រឹម ១៧៨,៧ទ្រីលានរូពី។ នេះជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីលែងកំណត់ចំនួនជាក់លាក់សម្រាប់ជំងឺកូវីដ១៩ ទៀត។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស្រ៊ី មូលីយ៉ានី (Sri Mulyani) បាននិយាយនៅក្នុងសន្និសីទកាលពីថ្ងៃទី៦ ខែមេសានៅទីក្រុងហ្សាការតាថា ថវិកាថែទាំសុខភាពឆ្នាំ២០២៤ នឹងត្រូវបានរក្សាទុកនៅចន្លោះពី ១៨៧,៤ទ្រីលានរូពី និង ២០០,៨ទ្រីលានរូពី។

ប្រទេសឥណ្ឌូណេស៊ីបានចំណាយថវិកាចំនួន ១៧២,៣ទ្រីលានរូពីទៅលើការថែទាំសុខភាពកាលពីក្នុងឆ្នាំ២០២០។ ការចំណាយបានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣១២,៤ទ្រីលានរូពី ដោយសារតែការព្យាបាលជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២១ ហើយក្រោយមកបានធ្លាក់ចុះមកនៅត្រឹម ១៧៦,៧ទ្រីលានរូពីនៅឆ្នាំបន្ទាប់ដោយសារជំងឺរាតត្បាតបានធ្លាក់ចុះ។

ទីភ្នាក់ងារផែនការអភិវឌ្ឍជាតិ (Bappenas) បានរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាករណីជំងឺរបេងថ្មីចំនួន ៩៦៩.០០០នាក់ក្នុងមួយឆ្នាំ ដោយជាប់ចំណាត់ថ្នាក់ទីពីរនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះដែរ វាកំពុងធ្វើការឆ្ពោះទៅរកគោលដៅកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃជំងឺក្រិនពី ២១,៦% ក្នុងឆ្នាំ២០២២ មកនៅត្រឹម ១៤% នៅក្នុងឆ្នាំ២០២៤៕

ប្រភព៖ ក្រសួងព័ត៌មាន