ឥណ្ឌូណេស៊ីបានកំណត់គោលដៅចិញ្ចឹមបង្គាឱ្យបានចំនួន ២លានតោនក្នុងមួយឆ្នាំ

0

បរទេស៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅចិញ្ចឹមបង្គាឱ្យបានចំនួន ២លានតោនជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងបរិបទដែលប្រជាជនរបស់ប្រទេសនេះត្រូវបានគេព្យាករថានឹងកើនឡើងដល់ចំនួន ៣១៨,៩លាននាក់នៅត្រឹមឆ្នាំ២០៤៥។

ថ្លែងមតិនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ ខែមេសា អគ្គនាយកជលផលនៃក្រសួងកិច្ចការសមុទ្រ និងជលផល (KKP) លោក ហេរុ រ៉ាហាយុ (Haeru Rahayu) បាននិយាយថា ការកើនឡើងនៃចំនួនប្រជាជន និងការកើនឡើងនៃតម្រូវការអាហារ នឹងធ្វើឱ្យតម្រូវការត្រីកើនឡើង ដូច្នេះហើយទើបប្រទេសនេះទាមទារឱ្យមានការកើនឡើងនៃការចិញ្ចឹមបង្គា។

លោក ហេរុ បានបង្ហាញសុទិដ្ឋិនិយមអំពីសមត្ថភាពក្នុងការសម្រេចបាននូវគោលដៅផលិតកម្មដែលបានរៀបរាប់ខាងលើនេះនាពេលខាងមុខ ដោយលោកបានបញ្ជាក់ថា ឧស្សាហកម្មចិញ្ចឹមបង្គាក្នុងស្រុកអាចបំពេញតម្រូវការដែលរំពឹងទុកនាពេលអនាគតដោយពង្រីកផ្ទៃដីចិញ្ចឹមរហូតដល់ ២,៩លានហិកតា។

ទោះជាយ៉ាងនេះក្តី មន្ត្រីរូបនេះមិនបានបដិសេធទេថា មានចំណុចខ្សោយមួយចំនួនក្នុងការសម្រេចគោលដៅចិញ្ចឹមបង្គានេះ ដែលរួមមានទាំងកង្វះខាតសាច់សត្វ និងពូជដែលមានគុណភាព ថ្លៃដើមផលិតខ្ពស់ និងដំណើរការផ្តល់អាជ្ញាប័ណ្ណ និងវិមជ្ឈការមានរយៈពេលវែង៕

ប្រភព៖ ក្រសួងព័ត៌មាន