បរទេស៖ ប្រជាជនថៃដែលមានសិទ្ធិបោះឆ្នោតប្រមាណ ២,១លាននាក់ ដែលរួមមានទាំង ១១១.០៦៩នាក់ដែលកំពុងរស់នៅក្រៅប្រទេសផងនោះ បានចុះឈ្មោះបោះឆ្នោតជាមុន មុនថ្ងៃទី៧ ឧសភា មួយសប្តាហ៍មុនការបោះឆ្នោតជាសកលនៅក្នុងប្រទេសថៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា។
អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) លោក សាវែង ប៊ូនមី (Sawaeng Boonmee) បាននិយាយថា ប្រជាជនថៃចំនួន ២.១៥៣.៤៥០នាក់បានចុះឈ្មោះនៅចន្លោះថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា ដើម្បីបោះឆ្នោត ប៉ុន្តែលោកបាននិយាយបន្ថែមថា ចំនួនពិតប្រាកដអាចនឹងខ្ពស់ជាងនេះ ដោយសារតែការចុះឈ្មោះតាមប្រព័ន្ធអនឡាញបានបញ្ចប់ហើយកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី៩ ខែមេសា និងចំនួននៃការចុះឈ្មោះតាមប្រៃសណីយ៍ដែលមិនទាន់បញ្ជូនទៅដល់ការិយាល័យចុះឈ្មោះរបស់ EC។
លោកបានលើកឡើងពីបញ្ហាមួយចំនួនដែលជួបប្រទះដោយអ្នកបោះឆ្នោតមុន ឧទាហរណ៍អ្នកខ្លះមិនអាចពិនិត្យមើលថាតើការចុះឈ្មោះរបស់ពួកគេត្រូវបានកត់ត្រាបន្ទាប់ពីបានបំពេញបែបបទចុះឈ្មោះហើយឬនៅ ឬប្រជាជនមួយចំនួនត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីបញ្ចប់ដំណើរការចុះឈ្មោះជាដើម។
អ្នកចុះឈ្មោះបោះឆ្នោតជាមុនជាច្រើនបានបង្ហោះនៅលើបណ្តាញសង្គមធ្វីតធើរ ឬបង្ហោះដោយប្រើសញ្ញា # (hashtags) ដោយបានត្អូញត្អែរអំពីការបរាជ័យក្នុងការចុះឈ្មោះរបស់ពួកគេ និងជំរុញឱ្យ EC ពន្យាពេលសម្រាប់ការផុតកំណត់ចុះឈ្មោះ។
នាយកដ្ឋានកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសថៃ បានរៀបចំបន្ទប់ស្ថានការណ៍មួយដើម្បីសម្របសម្រួលជាមួយ EC ក្រសួងមហាផ្ទៃ ប្រៃសណីយ៍ថៃ និងការិយាល័យកុងស៊ុលថៃ និងស្ថានទូតថៃនៅបរទេសចំនួន៩៤ ដើម្បីធានាដល់ការបោះឆ្នោតនៅក្រៅប្រទេសដោយរលូន ដោយប្រើកម្មវិធីគេហទំព័រ OVMS៕
ប្រភព៖ ក្រសួងព័ត៌មាន