អាជ្ញាធរសមត្ថកិច្ចច្រកអន្តរជាតិប៉ោយប៉ែត និងភាគីថៃ រួសរាន់ជួយសម្រួលប្រជាពលករ មកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

ប៉ោយប៉ែត៖ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្ដរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃចន្ទ ៥រោច ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ថា ដើម្បីពន្លឿន ការប្រថាប់ត្រាលិខិតឆ្លងដែន ជូនពលករកម្ពុជាធ្វើដំណើរចូលមកលេងកម្សាន្ត នារដូវចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរឱ្យបានរហ័ស និងទាន់ពេលវេលា កាត់បន្ថយការរង់ចាំយូរនៅច្រកទ្វារព្រំ ដែនអន្តរជាតិខ្លងលឹក ដោយមានការឯកភាពពីភាគីថៃ ក្រុមការងាររបស់ប៉ុស្តិ៍ សហការជា មួយអាជ្ញាធរក្រុងប៉ោយប៉ែត បានយករថយន្តដឹកជញ្ជូនពលករខ្មែរ ដែលមកដល់ច្រកទ្វារ ព្រំដែនអន្តរជាតិខ្លងលឹកហើយរង់ចាំយូរ ដោយមូលហេតុមកពីនគរបាលអន្តោប្រវេសន៍ថៃ នៅច្រកទ្វារផ្ដល់ទិដ្ឋាការ REENTRYPERMITជូនគាត់មិនទាន់ (ម៉ាស៊ីន មានតែមួយ) បាន ដឹកពួកគាត់ត្រឡប់ទៅស្រុកអារញ្ញប្រាថេតវិញ ដើម្បីធ្វើទិដ្ឋាការនេះជូនគាត់ នៅទីនោះមួយ កន្លែងទៀត។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា ការអនុវត្តរបៀបនេះ ងាយស្រួលដល់

ពួកគាត់នៅពេលដែលគាត់បានទិដ្ឋាការ REENTRYPERMIT នេះហើយពេលមកដល់ច្រក ទ្វារគ្រាន់តែនគរបាលអន្តោប្រវេសន៍ថៃ ប្រថាប់ត្រាលិខិតឆ្លងដែនចេញជូនគាត់ជាការស្រេច។

ក្រៅពីការជួយសម្របសម្រួល គ្រប់មធ្យោបាយប៉ុស្តិ៍នូវបាន ចែកបាយ និងទឹកសុទ្ធដល់ពួក គាត់ ដែលធ្វើដំណើរមកដល់ច្រកទ្វារខ្លងលឹកជាបន្តបន្ទាប់ ដោយមិនគិតពីចំនួនឡើយ ។

អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានប្រាប់ឱ្យកាលពីរសៀលថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៣ថា ចាប់ពីខែមេសា ឆ្នាំ២០២៣នេះមក មានពលករខ្មែរទាំងប្រុស ទាំងស្រី រាប់ពាន់នាក់បានចាប់ផ្តើម នាំគ្នាសម្រុកចេញពីប្រទេសថៃ ចូលមកស្រុកខ្មែរវិញ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែតដើម្បី មកលេងចូលឆ្នាំថ្មី នៅតាមស្រុកកំណើតខ្លួនវិញ នេះមិនគិតពីការ ធ្វើដំណើរចេញតាមច្រករបៀងនោះផង។

លោក គាត ហ៊ុល បានបញ្ជាក់ថា ការវិលត្រឡប់ចេញពីប្រទេសថៃ របស់ពលករខ្មែរ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ភាគច្រើនមានលិខិតឆ្លងដែន(ប៉ាស្ព័រ)និងប័ណ្ណស្នាក់នៅទាំង អស់គ្នា ហើយពលករទាំងអស់នេះ ដែលបានមកដល់ព្រំដែនកំពុងអង្គុយចាំវៃប៉ាស្ព័រ ដើម្បី បានវិលចូលមកស្រុកកំណើតវិញនោះ។

លោកអភិបាលក្រុងប៉ោយប៉ែតបន្តទៀតថា ពលករខ្មែរដែលវិលត្រឡប់មកក្នុងស្រុកខ្មែរ

វិញ ពេលនេះគឺពួកគាត់មានប៉ាស្ព័រ និងប័ណ្ណស្នាក់នៅ ដែលមានសុពលភាព២ឆ្នាំទាំងអស់ និងពលករភាគច្រើននាំគ្នាធ្វើការនៅខេត្តរ៉ាក់យ៉ង និងខេត្តស្រះកែវ ប្រទេសថៃ ដើម្បីវិល ត្រឡប់មកស្រុកកំណើតវិញ ដោយខានមិនបាន។

លោកបានឱ្យដឹងទៀតថា ចំនួនពលករដែលវិលត្រឡប់មកស្រុកកំណើតវិញនេះ គឺ មានចំនួនជិត១ម៉ឺននាក់ ហើយចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣មកម្លេះ ការធ្វើដំណើរ គឺចាប់ពីព្រឹកម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១២យប់ឯណោះ ទើបមានការបិទច្រកទ្វារអន្តរជាតិ តែម្ដង ៕

ប្រភព៖ ក្រសួងព័ត៌មាន