ប៉ូឡូញ បញ្ជូនយន្តហោះចម្បាំង MiG-29 ទៅអោយអ៊ុយក្រែន

0

បរទេស៖ ប្រធានាធិបតីប៉ូឡូញ លោក អានដ្រ៍ហ្សិច ឌូដា (Andrzej Duda) បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយសមភាគីអ៊ុយក្រែន លោក វ៉្លាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ក្នុងទីក្រុង Warsaw ថា ប្រទេសប៉ូឡូញបានបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួនបួនគ្រឿងទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន។

លោក ឌូដា បាននិយាយថា «យន្តហោះចម្បាំង MiG-29 ចំនួនបួនគ្រឿងដែលនៅសេសសល់ត្រូវបានប្រគល់ឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក្នុងខែនេះ»។

យោងតាមមេដឹកនាំប៉ូឡូញបានឱ្យដឹងថា «យើងបានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ឱ្យចំនួនប្រាំមួយគ្រឿងបន្ថែមទៀតដែលកំពុងរៀបចំនាពេលពេលនេះ»។ លោក ឌូដា បានសន្មតថាយន្តហោះទាំងនោះអាចផ្ទេរទៅឱ្យទីក្រុងគៀវក្នុងពេលឆាប់ៗនេះ។

ប្រទេសប៉ូឡូញមានយន្តហោះចម្បាំង MiG-29 ចំនួន ២៨គ្រឿង។ យន្តហោះទាំងនោះស្ថិតនៅមូលដ្ឋានអាកាសក្នុងទីក្រុង Malbork ភាគខាងជើងប្រទេសប៉ូឡូញ។

កាលពីថ្ងៃទី១៦ ខែមីនា លោក ឌូដា បាននិយាយថា ទីក្រុងគៀវនឹងទទួលបានយន្តហោះចម្បាំង MiG-29 ចំនួនបួនគ្រឿងជាលើកដំបូងពីទីក្រុង Warsaw ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន