បរទេស៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍរបស់អាល្លឺម៉ង់ លោកស្រី ស្វេនចា ស្កុលហ្សេ (Svenja Schulze) បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយកាលពីថ្ងៃចន្ទ ដើម្បីកសាងប្រទេសអ៊ុយក្រែនឡើងវិញ បើទោះបីជាជម្លោះនៅតែបន្តនៅក្នុងប្រទេសនៅតំបន់អឺរ៉ុបខាងកើតមួយនេះក៏ដោយ។
លោកស្រីបាននិយាយថា «ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែនចាប់ផ្តើមឥឡូវនេះ … រដ្ឋាភិបាលតែម្នាក់ឯងនឹងមិនអាចបំពេញភារកិច្ចដ៏ធំបែបនេះបានទេ។ សង្គមទាំងមូល គឺចាំបាច់ត្រូវមានការចូលរួម។ នៅក្នុងប្រទេសអាល្លឺម៉ង់ យើងឃើញមានការចាប់អារម្មណ៍ច្រើនក្នុងការរួមចំណែកដល់ការកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែន»។
លោកស្រី ស្កុលហ្សេ បាននិយាយបន្ថែមថា វេទិកាកសាងឡើងវិញរបស់ប្រទេសអ៊ុយក្រែននឹងប្រមូលផ្តុំសហគមន៍ ក្រុមហ៊ុន និងបុគ្គលនៅក្នុងប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែន។
ប្រទេសអាល្លឺម៉ង់នឹងចំណាយថវិកាចំនួន ២៥លានអឺរ៉ូ (២៧លានដុល្លារអាម៉េរិក) ទៅលើការពង្រឹងភាពជាដៃគូឆ្លងព្រំដែន។
កាលពីរដូវស្លឹកឈើជ្រុះ ទីក្រុងគៀវបានប៉ាន់ប្រមាណចំពោះការកសាងប្រទេសឡើងវិញក្រោយជម្លោះថាមានតម្លៃប្រហែល ៧៥០ប៊ីលានដុល្លារអាម៉េរិក ខណៈដែលគណៈកម្មការអឺរ៉ុបប៉ាន់ប្រមាណការខូចខាតដែលបង្កឡើងដោយប្រតិបត្តិការយោធារបស់រុស្ស៊ីមានចំនួនប្រមាណ ៦០០ប៊ីលានអឺរ៉ូ៕
ប្រភព៖ ក្រសួងព័ត៌មាន