បរទេស៖ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយកាលពីថ្ងៃទី១៣ ខែមីនាថា គំរូនៃគម្រោង Nexus របស់ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានតភ្ជាប់ដោយជោគជ័យជាមួយនឹងប្រព័ន្ធទូទាត់របស់អឺរ៉ុប ម៉ាឡេស៊ី និងសិង្ហបុរី។ ដើម្បីបង្កើនការទូទាត់ឆ្លងប្រទេស មជ្ឈមណ្ឌលនវានុវត្តន៍សិង្ហបុរីនៃធនាគារ BIS បានបង្កើតគំនិតនៃគម្រោង Nexus នៃបណ្តាញពហុភាគីដំបូងគេបង្អស់ដែលតភ្ជាប់ប្រព័ន្ធទូទាត់ភ្លាមៗក្នុងស្រុក (IPS) ។
គំរូគម្រោង Nexus បានភ្ជាប់ដោយជោគជ័យនូវការធ្វើតេស្ត IPS របស់ប្រព័ន្ធអឺរ៉ុប ម៉ាឡេស៊ី និងសិង្ហបុរី ដែលអនុញ្ញាតឱ្យការទូទាត់ត្រូវបានផ្ញើឆ្លងកាត់ប្រទេសទាំងបីដោយប្រើតែលេខទូរស័ព្ទចល័តប៉ុណ្ណោះ។
នៅដំណាក់កាលបន្ទាប់ ធនាគារ BIS និងធនាគារកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ នឹងធ្វើការងាររួមគ្នាឆ្ពោះទៅរកការតភ្ជាប់ IPS ក្នុងស្រុករបស់ពួកគេតាមរយៈគម្រោង Nexus ។
សម្រាប់ដំណាក់កាលបន្ទាប់នៃគម្រោងនេះ ដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នាកាលពីវិច្ឆិកា ឆ្នាំ២០២២ របស់ពួកគេស្តីពីកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ការទូទាត់ក្នុងតំបន់ ធនាគារឥណ្ឌូណេស៊ី ធនាគារ BNM ធនាគារបាងកូសេនត្រលភីលីពីន ធនាគារ MAS និងធនាគារថៃនឹងទាញយកបទពិសោធន៍ពីដំណាក់កាលទី១ និងដំណាក់កាលទី២ នៃ គម្រោងនេះឆ្ពោះទៅរកការតភ្ជាប់ IPS របស់ប្រទេសពួកគេ ព្រមទាំងជួយសម្រួលដល់ប្រតិបត្តិការឆ្លងកាត់ព្រំដែននៅទូទាំងតំបន់ដែលមានប្រជាជនសរុបប្រហែល ៥០០លាននាក់។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ធនាគារ MAS លោក សូបនេនឌូ ម៉ូហាន់ទី (Sopnendu Mohanty) បាននិយាយថា ភាពជោគជ័យនៃគំរូគម្រោង Nexus គឺជារបកគំហើញដែលបង្ហាញពីសមត្ថភាពបច្ចេកទេសនៃប្រព័ន្ធទូទាត់ភ្លាមៗពហុភាគី។ យោងតាមរូបលោកបានឱ្យដឹងថា ដំណាក់កាលបន្ទាប់នៃការដកពិសោធន៍ដោយធនាគារកណ្តាលអាស៊ានទាំងប្រាំនឹងមានសារៈសំខាន់ក្នុងការដាក់មូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តនាពេលអនាគតក្នុងទ្រង់ទ្រាយធំ។
គំរូគម្រោង Nexus ត្រូវបានរចនាឡើងដើម្បីដោះស្រាយភាពខុសគ្នារវាងប្រព័ន្ធទូទាត់ជាតិ។ នៅក្រោមប្លង់មេរបស់គម្រោង Nexus ប្រទេសដែលចូលរួមនឹងត្រូវការទទួលយកពិធីសារនៃគម្រោង Nexus តែម្តងប៉ុណ្ណោះ ដើម្បីទទួលបានសិទ្ធិចូលប្រើប្រាស់បណ្តាញទូទាត់ឆ្លងកាត់ព្រំដែនដ៏ទូលំទូលាយ៕
ប្រភព៖ ក្រសួងព័ត៌មាន