បរទេស៖ ប្រទេសថៃកំពុងប្រឈមមុខនឹងរដូវក្តៅកាន់តែក្តៅខ្លាំងនៅក្នុងឆ្នាំនេះ ដោយនាយកដ្ឋានឧតុនិយមបានព្យាករថា សីតុណ្ហភាពជាមធ្យមកើនឡើងមួយអង្សាសេធៀបនឹងឆ្នាំមុន។
អាកាសធាតុក្តៅបំផុតក្នុងសប្តាហ៍នេះត្រូវបានគេកត់ត្រានៅភាគខាងជើងនៃប្រទេសថៃ ដោយសីតុណ្ហភាពបានឡើងដល់កម្រិត ៤១,៥អង្សាសេនៅក្នុងស្រុកមួងនៃខេត្តផេតចាប៊ុន កាលពីថ្ងៃទី២៣ ខែមីនា។
នៅជិតទីក្រុងបាងកក សីតុណ្ហភាពខ្ពស់បំផុតត្រូវបានកត់ត្រានៅកម្រិត ៣៨,៤អង្សាសេនៅក្នុងស្រុកខងលួងរបស់ខេត្តប៉ាធុមថានី។
យោងតាមអគ្គនាយកនៃនាយកដ្ឋាននោះ លោក ជុំប៉ារី ជុំពូរ៉ាត់ (Chomparee Chompurat) បានឱ្យដឹងថា តំបន់ភាគច្រើននៅភាគខាងជើងប្រទេសថៃនឹងជួបប្រទះអាកាសធាតុក្តៅនៅពេលរសៀលជាមួយនឹងសីតុណ្ហភាពជាមធ្យម ៣៥,៥អង្សាសេ។
សីតុណ្ហភាពខ្ពស់បំផុតពី ៤០អង្សាសេទៅ ៤៣អង្សាសេ ត្រូវបានគេរំពឹងថានឹងមាននៅក្នុងខេត្តសុខោទ័យ ខេត្តតាក ខេត្តឡាំប៉ាង និងខេត្តមេហុងសុន ខណៈដែលទីក្រុងបាងកក និងខេត្តដែលនៅជុំវិញនោះត្រូវបានគេព្យាករថានឹងមានសីតុណ្ហភាពខ្ពស់បំផុតពី ៣៨អង្សាសេទៅ ៣៩អង្សាសេ។
រដូវក្តៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានរហូតដល់ពាក់កណ្តាលខែឧសភា។ លោក ជុំប៉ារី ក៏បានកត់សម្គាល់ផងដែរថា រដូវត្រជាក់ឆ្នាំនេះមានរយៈពេលយូរជាងធម្មតា។ ជាធម្មតាវាបញ្ចប់នៅពាក់កណ្តាលខែកុម្ភៈ ប៉ុន្តែរដូវត្រជាក់នៅក្នុងឆ្នាំនេះបានបញ្ចប់ទៅនៅដើមខែមីនា ដែលមួយផ្នែកដោយសារតែភាពត្រជាក់ដែលរងសម្ពាធទាបពីភាគខាងត្បូងប្រទេសចិន៕
ប្រភព៖ ក្រសួងព័ត៌មាន