បរទេស៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី (MITI) បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២០ ខែមីនាថា តម្លៃពាណិជ្ជកម្មសរុបនៃប្រទេសសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកាលពីក្នុងខែកុម្ភៈ បានកើនឡើង ១១% ដោយឈានដល់ ២០៤,៩៩ប៊ីលានរីងហ្គីត (៤៥,៦៨ប៊ីលានដុល្លារអាម៉េរិក)។
នៅក្នុងតួលេខនេះ ការនាំចេញបានកើនឡើង ៩,៨% ដែលឈានដល់តម្លៃ ១១២,២៨ប៊ីលានរីងហ្គីត ខណៈដែលការនាំចូលបានកើនឡើង ១២,៤% ដែលឈានដល់តម្លៃ ៩២,៧១ប៊ីលានរីងហ្គីត។ គួរកត់សម្គាល់ថា អតិរេកពាណិជ្ជកម្មរបស់ខ្លួនបានកើនឡើងក្នុងរយៈពេល ៣៤ខែជាប់ៗគ្នាចាប់តាំងពីខែឧសភា ឆ្នាំ២០២០ មក ដែលមានតម្លៃ ១៩,៥៦ប៊ីលានរីងហ្គីត។
ក្រសួង MITI បានបញ្ជាក់ថា ពាណិជ្ជកម្ម ការនាំចេញ និងការនាំចូលបានឈានដល់កម្រិតខ្ពស់បំផុតកាលពីក្នុងខែកុម្ភៈ ដោយកំណើននៃការនាំចេញត្រូវបានគាំទ្រដោយផលិតផលប្រេងឆៅ ឧស្ម័នធម្មជាតិរាវ ផលិតផលអគ្គិសនី និងគ្រឿងអេឡិចត្រូនិក (E&E)។
យោងតាមក្រសួងនោះបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសជាដៃគូសំខាន់ៗ ជាពិសេសតំបន់អាស៊ាន និងសហរដ្ឋអាមេរិក បានកត់ត្រាកំណើនពីរខ្ទង់។ នៅក្នុងខែកុម្ភៈ ពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីជាមួយដៃគូអាស៊ានមានចំនួន ២៧,៤% នៃតម្លៃពាណិជ្ជកម្មសរុបរបស់ខ្លួន ដោយកើនឡើង ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់តម្លៃ ៥៦,១៤ប៊ីលានរីងហ្គីត។ នៅក្នុងនោះ ការនាំចេញបានកើនឡើង ១៤,៨% ដែលឈានដល់តម្លៃ ៣៣,៦៩ប៊ីលានរីងហ្គីត ដែលជាការកត់សម្គាល់រយៈពេល ១៩ខែជាប់ៗគ្នាជាមួយនឹងអត្រាកំណើនពីរខ្ទង់។ ទន្ទឹមនឹងនេះដែរ ការនាំចូលក៏បានកើនឡើង ៣,៥% ដែលឈានដល់តម្លៃ ២២,៤៥ប៊ីលានរីងហ្គីត៕
ប្រភព៖ ក្រសួងព័ត៌មាន